ការភៀសខ្លួនរបស់ខ្ញុំ

នៅថ្ងៃទី១៦ តុលា ១៩៤៥ វេលាម៉ោង ១១ កន្លះថ្ងៃពួកសម្ព័ន្ធមិត្ត បានឡោមចាប់លោក ស៊ឹង ង៉ុកថាញ់ នៅវិមានរដ្ឋាភីបាលយកទៅ ។ បានដំណឹងនេះភ្លាម ខ្ញុំជាអ្នកមានខ្លួនស្រាប់ ក៏ត្រូវតែភៀសខ្លួនចេញទៅក្រៅដូចបានគ្រោងទុក ។ ខ្ញុំជុំនុំនឹងគ្រួសារឃើញថា ត្រូវភៀសទៅនៅនឹងមាត្រឡាចរបស់ខ្ញុំ ឯបាត់ដំបង ដែលកាលនោះ ខេត្តបាត់ដំបងសៀមនៅត្រួតត្រាជារបស់សៀម។ ឯការដែលធ្វើដំណើរគឺត្រូវពង្វាងផ្លូវកុំឲ្យគេតាមចាប់បាន។ គឺថាមិន ត្រូវចេញទៅតាមផ្លូវខាងជើងភ្នំពេញត្រង់ទៅតែម្តងទេ ព្រោះពួកប៉ូលីសនិងគិញបារាំងត្រៀបត្រានៅផ្លូវនេះ ចាំចាប់ពួកអ្នកភៀសខ្លួនចេញទៅសៀម។ ខ្ញុំត្រូវបង្វែងផ្លូវទៅខាងទន្លេធំ កំពង់ចាម រួចសឹមបកមកព្រែកក្តាមវិញ វាងពួកគិញបារាំងនៅម្តុំគីឡូលេខ ៦ ភ្នំពេញផង និងបំបាត់ដានផង។ ម្យ៉ាងទៀតការចេញដំណើរតាមដងទន្លេធំនេះ ខ្ញុំក៏អាចបានជួបនឹងមិត្តភក្តិអ្នកបដិវត្តន៍ច្រើនគ្នាទៀត នៅតាមដងទន្លេធំ ខ្ញុំនឹងបានជម្រាបមិត្តទាំងនោះឲ្យជ្រាប ពីព្រឹត្តការណ៍ថ្មីៗ រួចនិងលាគេទៅក្រៅស្រុកផង។ គ្រួសារខ្ញុំបានព្រមព្រៀងតាមនេះ ដោយណាត់គ្នាទៀតថា ខ្ញុំទៅដល់ទន្លេបិទ ឲ្យសំណាក់នៅនឹងផ្ទះបងប្រុសខ្ញុំ ប៊ុណ្ណ ចន្ទ ថាត់ ធ្វើការនៅហាងសំាងសែល ទន្លេបិទ ឯគេនៅឯភ្នំពេញឯណោះនឹងយកឡានមួយចេញទៅកំពង់ចាម ចាំទទួលខ្ញុំដែលមកពីទន្លេបិទ នាំយកមកព្រែកក្តាមវិញ រួចសឹមបន្តដំណើរទៅបាត់ដំបង។
បានណាត់គ្នាស្រេចបាច់ដូច្នោះហើយ ល្ងាចនោះខ្ញុំយកមាសពីរដុំជារបស់ផ្ទាល់ខ្លួន មូរនឹងចង្កេះខោទុកសម្រាប់ដូរចាយវាយនៅស្រុកគេ ពេលណាគ្មានប្រាក់ រួចយកកាំភ្លើងខ្លីតូចមួយសៀតចង្កេះ រួចឡើងកង់ប្រណាំង របស់ខ្ញុំប្រញាប់ប្រញាល់ទៅកាន់ចម្ការច្បារអំពៅ ខ្ញុំពូននៅទីនោះទៅ។ សូមជម្រាបថា ម្តាយឪពុកខ្ញុំមានចម្ការធំ មួយនៅច្បារអំពៅនេះ ។ ខ្ញុំសម្រាប់នៅទីនោះមួយយប់ ព្រឹកឡើងម្នីម្នាធាក់កង់តាមផ្លូវភ្នំពេញ ព្រៃនគរ កាត់វាលស្បូវ ព្រែកឯងទៅដល់ស្រុកគគីរ ទើបចុះពីផ្លូវជាតិ កាត់ទៅជើង រួចឆ្លងទូកទៅឡើងត្រោយល្វាឯម។ មកដល់ត្រង់នេះ ខ្ញុំឡើងកង់ធ្វើដំណើរតាមមាត់ទន្លេឆ្ពោះទៅកាន់ព្រែកហ្លួង។ ដល់ព្រែកហ្លួងម៉ោង ១ ជាងខ្ញុំក៏ឈប់សម្រាករកអាហារទទួលទាន។ បន្ទាប់មក ខ្ញុំក៏ទៅរកផ្ទះមិត្តម្នាក់ឈ្មោះខាន់ មិត្តខាន់ប្រញាប់ប្រញាល់សួរខ្ញុំអំពីព្រឹត្តការណ៍នៅភ្នំពេញ ដែលថា បារាំងចាប់លោក ស៊ឹង ង៉ុកថាញ់ ។ គិតទៅមិត្តខាន់ ជាមនុស្សតាមដានរឿងស្រុកទេសខ្លាំងណាស់ដែរ គួរសរសើរ។
ខ្ញុំឆ្លើយប្រាប់ហូរហែរទៅវិញថា ៖ ពិតមែនហើយ លោក ស៊ឹង ង៉ុកថាញ់ ត្រូវបារាំងចាប់ហើយ, ហើយអ្នកឯទៀតជាបក្សពួកក៏ត្រូវបារាំងចាប់ដែរ, ឯខ្ញុំនេះ ក៏ត្រូវភៀសខ្លួន ដើម្បីរកផ្លូវតស៊ូទៅមុខទៀត ខ្ញុំត្រូវទៅកាន់បាត់ដំបង តែត្រូវបង្វែងផ្លូវមកតាមនេះ រួចទៅសំណាក់នៅនឹងទន្លេបិទ ទើបបកមកព្រែកក្តាមវិញ។ មិត្តខាន់ យល់រឿងគាត់ងក់ក្បាល រួចឃាត់ខ្ញុំថា ៖ ឥឡូវប្អូនឯងទៅតាមកប៉ាល់វិញទៅស្រួលជាង ព្រោះជិះកង់តាមផ្លូវគោកពិបាកណាស់ , យប់នេះ សម្រាប់នៅផ្ទះខ្ញុំហើយ, ព្រឹកស្អែកម៉ោង ៦ កន្លះសឹមចុះកប៉ាល់! ខ្ញុំក៏យល់ព្រម ។ យប់នោះ ខ្ញុំសំណាក់នៅនឹងផ្ទះ មិត្តខាន់ ដោយសុខស្រួល។ ព្រលឹមឡើងមិត្តខាន់ជូនខ្ញុំមកកាន់ផែកប៉ាល់ រង់ចំាកប៉ាល់ឡើង។ កប៉ាល់មកដល់ មិត្តខាន់បានឲ្យពរខ្ញុំយ៉ាងច្រើនសូមឲ្យទៅនៅស្រុកគេបានសុខសប្បាយ ដើម្បីធ្វើការរំដោះប្រទេសជាតិទៅទៀត ។ ខ្ញុំលើកដៃទទួលពរមិត្តខាន់ដោយស្មោះ រួចក៏លើកកង់ដាក់លើស្មា លាមិត្តខាន់ចុះកប៉ាល់ទាំងអាល័យ ។ កបា៉ល់ចេញពីផែ ឃ្លាតឆ្ងាយមក ទើបខ្ញុំអង្គុយចុះ តែខ្ញុំនៅតែសម្លឹងមិត្តខាន់ទាល់តែឆ្ងាយមើលលែងឃើញ។
កប៉ាលដុតអុសម៉ែត្រ រលាក់ខ្លួនតិចៗដូចគេអង្រួនមើលទៅក្រោមគែមរលកខ្ចាយរត់ទៅក្រោយ, យូរៗម្តងវាឲ្យស៊ីផ្លេចូលផែព្រះប្រសប់ រកាកោង ព្រែកពោធិ៍, ពាមជីកង ល ។ រួចម៉ោងប្រមាណជា ១ ទើបបានមកដល់ទន្លេបិទ។ ខ្ញុំលីកង់ចុះពីកប៉ាល់ រួចរូតរះប្រញាប់ឡើងគោក ខ្ញុំជិះកង់ទៅរកផ្ទះបង ប៊ុណ្ណចន្ទ ថាត់ របស់ខ្ញុំ។ ខ្ញុំនិយាយរាយរ៉ាប់ប្រាប់បងខ្ញុំតាមដំណើររឿង។ បងប៊ុណ្ណចន្ទ ថាត់ ក៏ទទួលឲ្យខ្ញុំស្នាក់នៅដោយប្រុងប្រយ័ត្ន។ ខ្ញុំស្នាក់នៅនឹងផ្ទះបងខ្ញុំបានមួយយប់ ព្រឹកឡើងក៏ត្រូវបងនេះជូនដំណើរឆ្លងមកក្រុងកំពង់ចាម ដើម្បីជួបនិងបងប្អូនដែលណាត់គ្នាពីភ្នំពេញ ។ ពេលមកដល់ក្រុងកំពង់ចាម ខ្ញុំក៏បានជួបនឹងបងប្អូនព្រមទាំងក្មួយៗខ្ញុំច្រើននាក់ដែលមកពីភ្នំពេញគឺប្អូន ប៉ុង ង៉ា (ស្រី) ប្អូន លូ (ប្រុស) ក្មួយ ជួនជឿន , ជួន ម៉ុម , ជួន ប្រសិទ្ធ ដែលយករថយន្តស៊ីត្រូអេនដប់ប្រាំសេះរបស់ បងស្រីខ្ញុំនៅភ្នំពេញមកទទួលខ្ញុំ តាមការណាត់។ ខ្ញុំយកកង់ទៅទុកនៅនឹងគូទឡាន។ ខ្ញុំនិងអ្នកទាំងអស់គ្នា លាបង ប៊ុណ្ណចន្ទ​ ថាត់ ឡើងឡានបត់ក្បាលបើកត្រឡប់មកទិសខាងលិចវិញ ។ នៅក្នុងឡានទាំងអស់គ្នានិយាយប្រាប់ ខ្ញុំថា ៖ ល្ងាចមិញពួកក្រសួងសម្ងាត់បីបួននាក់បានទៅរកខ្ញុំឯផ្ទះមុខវត្តឧណ្ណាលោម តែបងប្អូនខ្ញុំឆ្លើយថា មិនបានឃើញខ្ញុំមកផ្ទះទេ ពួកនោះក៏ត្រឡប់ទៅវិញទៅ។ ខ្ញុំនឹកឃើញថា មែនពួកបារាំងតាមរូបខ្ញុំមែន បើមិនបានគេចមកទេ ប្រហែលជាខ្ញុំមានគ្រោះថ្នាក់ធំ ជាប់ទោសទៅកោះត្រឡាចឬយ៉ាងណាៗទៀតពុំខាន។ ខ្ញុំនឹងឃើញទៀត ពាក្យអ្នកដែលអែបអបបារាំងថា ឲ្យតែបារាំងឈ្នះជប៉ុននឹងប្រាប់បារាំងឲ្យចាប់ពួកខ្ញុំ ពួកអាចារ្យ ហែមចៀវ ដាក់គុកជាថ្មីទៀត។ ពាក្យនេះ គេបានពោលពេលដែលខ្ញុំរត់រួចពីកោះត្រឡាចមកនៅភ្នំពេញវិញនោះ។ ឱ!ខ្មែរអើយ បើររវល់តែយកគាប់គួរនឹងជាតិគេ ហើយសុខចិត្តសម្លាប់ខ្មែរគ្នាឯងយ៉ាងហ្នឹង តើនឹងឲ្យស្រុកទេសដើរទៅមុខម៉េចនឹងរួច?
នៅពេលដែលរថយន្តជិតនឹងដល់ព្រែកក្តាម ខ្ញុំឲ្យរថយន្តឈប់ដាក់ខ្ញុំចុះ ឲ្យទាំងអស់គ្នាឆ្លងសាឡាងទៅចុះ ហើយឲ្យបើកទៅចាំនៅភូមិមួយជិតកំពង់ហ្លួង ខ្ញុំនឹងឆ្លងទៅជួបត្រង់ទីនោះ។ យើងត្រូវវាងត្រង់កំពង់ចម្លងព្រែកក្តាមនេះ ត្បិតខ្លាចមានគិញប៉ូលីស ឆែកឆេរទៀត ។ ណាត់គ្នាដូច្នោះស្រេច បងប្អូនខ្ញុំ ក៏បើកឡានទៅឆ្លងសាឡាងឯខ្ញុំក៏ជិះកង់ខ្ញុំតាមផ្លូវមាត់ទន្លេត្រង់ទៅជើង ។ លុំទន្ទឹមនឹងភូមិមួយដែលបានណាត់នោះ ខ្ញុំក៏ឈប់ រួចរកទូកគេឆ្លង។ ជាកុសលល្អ មានទូកមួយគេទទួលចម្លងទៅ ខ្ញុំបានដល់ត្រើយដូចប្រាថ្នា ហើយឈរចាំរថយន្តបងប្អូនខ្ញុំ ។ ក្រោយមក រថយន្តមកដល់ខ្ញុំក៏បានឡើងជិះតទៅទៀត។ គិតទៅដំណើរភៀសខ្លួននេះ លំបាកណាស់។
រថយន្តបានធ្វើដំណើរទៅមុខគ្មានឈប់ឈរ ទៅដល់ខេត្តពោធិ៍សាត់ ។ សូមជម្រាបថា កាលណោះខេត្តបាត់ដំបង, ត្រូវសៀមត្រួតត្រាជារបស់សៀម ហើយមានព្រំប្រទល់នឹងខ្មែរ ត្រង់ស្វាយដូនកែវ ។ រថយន្តបាននាំខ្ញុំដល់សាលាស្រុកត្រពាំងជង , ហួសពីសាលាស្រុកត្រពាំងជងប្រហែល ៧ គម ដល់កន្លែងស្ងាត់ក៏ឈប់ ។ ទាំងអស់គ្នាចុះពីរថយន្ត ខ្ញុំក៏គម្របគូទឡានយកទោចក្រយានខ្ញុំចេញមក ។ ជាឱកាសដែលខ្ញុំត្រូវបែកពីបងប្អូនកូនក្មួយជាទីស្រឡាញ់ហើយ ។ ខ្ញុំត្រូវធ្វើដំណើរទៅតែម្នាក់ឯងក្នុងពេលនេះហើយ ។ ខ្ញុំក៏និយាយលាប្អូនប្រុសស្រីនឹងក្មួយខ្ញុំថា សូមប្អូនៗនិងក្មួយៗ មើលថែទាំគ្រួសារផង ព្រោះខ្ញុំទៅនេះពុំមានកំណត់ថា ថ្ងៃណានឹងបានវិលមកជួបជុំគ្រួសារវិញទេ, កាលតស៊ូមានតែស្លាប់ ហើយនឹងរស់ជាគូនឹងគ្នា ។ ជាពិសេសខ្ញុំបាន ផ្តាំក្មួយខ្ញុំ ជួន ជឿន, ជួន ម៉ុម, ជួន ប្រសិទ្ធ ឲ្យខំរៀនឲ្យមែនទែន ដើម្បីជួយខ្មែរតទៅផង។ ក្មួយទាំងនេះ ក៏ថា ខ្ញុំនឹងគោរពតាមពាក្យមាព្រមទាំងធ្វើតាមគន្លងមាឥតរំលង។ ហើយប្អូនៗនិងក្មួយៗ ក៏ឲ្យពរខ្ញុំសូមទៅឲ្យបានសុខសប្បាយ ធ្វើការបម្រើជាតិបានជោគជ័យទៅអនាគត ។ ខ្ញុំទទួលពរនេះ ដោយញញឹម តែក្នុងចិត្តពោរពេញដោយក្រៀមក្រំស្រណោះ។ ខ្ញុំនឹងគ្រួសារខ្ញុំ នៅនិយាយគ្នាតែពាក្យដដែល ផ្តាំផ្ញើនឹងឲ្យពរគ្នាទៅវិញទៅមក ។ ទម្រាំតែដាច់ចិត្តបែកគ្នា យើងចំណាយពេលលាគ្នាអស់ ២០ នាទី ។ ខ្ញុំឡើងជិះកង់ចេញទៅ ធាក់បានបួន ដប់ជំហានងាកមើលទៅបងប្ងូនឃើញគេឈរមើលមកខ្ញុំ , ខ្ញុំធាក់តទៅទៀត , ហើយងាកមើលទៅទៀត លើកដៃឡើងលាគេលើកតបមកវិញ។ ការបែកគ្នានេះ មិនងាយបានត្រឡប់មកជាន់ដីខ្មែរវិញទេ តែមកពីខំកាត់ចិត្តលះបង់គ្រួសារគ្រប់យ៉ាង ដើម្បីតស៊ូរំដោះជាតិ ទើបត្រូវតែឃ្លាតទៅនេះ ។ នេះជាលើកដំបូងនៃជីវិតខ្ញុំដែល ភៀសខ្លួនទៅកាន់បរទេស ។ ខ្ញុំធាក់កង់បានប្រហែល ២ ម៉ោង ក៏ដល់ផ្លូវបត់ចូលវត្តស្វាយដូនកែវ ខ្ញុំចូលទៅកាន់វត្ត ស្វាយដូនកែវ ហើយសំដៅទៅរកទូកឆ្លងទៅកាន់ត្រើយម្ខាង។ ក្នុងការឆ្លងទូកនេះ មានអនុស្សាវរីយ៍មួយដែលខ្ញុំពុំភ្លេច គឺខ្ញុំកំពុងតែជិះទូកឆ្លង បានឮសម្តីពីក្នុងផ្ទះមួយនៅជិតម្ខាងដីសៀម និយាយឡើងៈ យើ ! រទេះកង់នោះ ល្អណាស់វើយ! ខ្ញុំនឹកភ័យប៉ផ្លុក អ៊ីយ៉ា ក្រុមចោរសៀមទល់ដែនហើយតើ! ខ្ញុំស្ទាបកំាភ្លើងដែលនៅនឹងចង្កេះពង្រឹងស្មារតី ឡើងវិញ! ខ្ញុំមើលកង់ខ្ញុំ និងមើលទៅមុខអ្នកអ៊ុំទូក តែអ្នកអ៊ុំទូកនិយាយថា៖ មិនអីទេ , ហើយចេះតែអ៊ុំទៅធ្វើព្រងើយ លុះត្រាតែ ដល់ត្រើយ ។ បន្ទាប់ពីសោហ៊ុយដល់ទូកដរួច ហើយ ខ្ញុំឡើងកង់តាមថ្នល់ឆ្ពោះទៅបាត់ដំបងតែម្តង។ តាមថ្នល់ខ្ញុំជិះនៅខាងឆ្វេង ព្រោះស្រុកសៀម បើកបរខាងឆ្វេង ។ នៅវេលាម៉ោង ៦ ល្ងាច ដោយកម្លាំងខំរបស់ខ្ញុំ ខ្ញុំបានទៅដល់ស្រុកមោងឬស្សី ។ ខ្ញុំទៅរកផ្សារមោង ដើម្បីរកតាម្នាក់ឈ្មោះតាទឹង ដែលស្គាល់នឹងអាលសុំស្នាក់ ។ លោកតាទឹង ជាជាងមាសម្នាក់នៅផ្សារស៊ីញែកពីដើម តែពេលដែលមានចលចលគាត់ក៏មកនៅស្រុកមោង ។​ ខ្ញុំសួរគេហូរគេហូរហែរ ទៅក៏បានស្គាល់ជួបនឹងតាទឹងដូចបំណង។ តាមទឹងរាក់ទាក់ទទួលខ្ញុំ ឲ្យខ្ញុំសំណាក់នៅមួយយប់ដោយសុវត្ថិភាព ។ លុះព្រឹកឡើងខ្ញុំបានលាតាទឹងបន្តដំណើរតាមទោចក្រយានខ្ញុំឆ្ពោះទៅកាន់ខេត្តបាត់ដំបង ។ ដើម្បីសូមស្នាក់នៅនឹងមា ប៉ុក គុណ ហៅ ត្រឡាច ។
នៅវេលាម៉ោង ១១ ថ្ងៃត្រង់ ខ្ញុំក៏បានទៅដល់ផ្ទះមាខ្ញុំដូចបំណង។ ផ្ទះមាខ្ញុំ ស្ថិតនៅចុងស្ពានដែក ផ្នែគខាងកើតផ្ទះនេះ ជារបស់ម្តាយក្មេកគាត់ឈ្មោះ ប៉ម ម៉ាយ ។ មាខ្ញុំបានទទួលខ្ញុំដោយរាក់ទាក់ជាទីបំផុត ហើយសូរខ្ញុំថា ៖ តើមានជួបនឹង លោកប៉ានយិង និងក្មួយប៊ុណ្ណចន្ទ ធួនទេ ? ខ្ញុំឆ្លើយថា មិនបានជួបទេ ទើបមាខ្ញុំបែរជាប្រាប់ខ្ញុំថា លោកប៉ានយិន លោកទៅតែត្រឹមពោធិ៍សាត់ទេ លោកពុំហ៊ានចូលទៅភ្នំពេញទេ ខ្លាចគេចាប់, លោកត្រូវត្រឡប់ចូលទៅបាងកកវិញ ព្រោះលោកមានកូនប្រុសម្នាក់ឈ្មោះប៉ាន ក្លេប៉ង់ ធ្វើការជានាយកក្នុងក្រុមហ៊ុន អុកស៊ីសែននៅក្រុងបាងកក ជាទីពឹងអាស្រ័យដែរ ។ ឯក្មួយប៊ុណ្ណចន្ទ ធួន អាចចូលទៅស្រុកខ្មែរវិញបាន ត្បិតអាងលើចំណាត់ការ ដែលប្រើឲ្យត្រឹមតែជាអ្នកបកប្រែភាសាជូនលោកប៉ាន យិន ប៉ុណ្ណោះ ។ ហើយមាខ្ញុំសរសើរខ្ញុំថា វាងវៃមែនចេះដោះខ្លួនរួចមកដល់កន្លែងនេះបាន ។ គាត់និយាយនឹងខ្ញុំថាមិនអីទេ យើងត្រូវបង្កើតក្រុមខ្មែរអ្នកតស៊ូមួយក្រុមឡើង ធ្វើការរំដោះស្រុកពីបារាំង ។ ខ្ញុំសប្បាយចិត្តណាស់ ដោយមាខ្ញុំមានគំនិតស្របនឹងខ្ញុំតាំងពីដំបូងដៃដូច្នោះ ។

អត្ថបទអ្នកតស៊ូខ្មែរ ៖ ប៊ុណ្ណចន្ទ ម៉ុល

Published by ដំណើរកម្សាន្តកន្លែងប្រវត្តិសាស្រ្ត

This website talked about Cambodia history, This research aim to care about the culture, civilization main point of country.

Leave a comment

Design a site like this with WordPress.com
Get started