Khmer history

ការភៀសខ្លួនរបស់ខ្ញុំ

នៅថ្ងៃទី១៦ តុលា ១៩៤៥ វេលាម៉ោង ១១ កន្លះថ្ងៃពួកសម្ព័ន្ធមិត្ត បានឡោមចាប់លោក ស៊ឹង ង៉ុកថាញ់ នៅវិមានរដ្ឋាភីបាលយកទៅ ។ បានដំណឹងនេះភ្លាម ខ្ញុំជាអ្នកមានខ្លួនស្រាប់ ក៏ត្រូវតែភៀសខ្លួនចេញទៅក្រៅដូចបានគ្រោងទុក ។ ខ្ញុំជុំនុំនឹងគ្រួសារឃើញថា ត្រូវភៀសទៅនៅនឹងមាត្រឡាចរបស់ខ្ញុំ ឯបាត់ដំបង ដែលកាលនោះ ខេត្តបាត់ដំបងសៀមនៅត្រួតត្រាជារបស់សៀម។ ឯការដែលធ្វើដំណើរគឺត្រូវពង្វាងផ្លូវកុំឲ្យគេតាមចាប់បាន។ គឺថាមិន ត្រូវចេញទៅតាមផ្លូវខាងជើងភ្នំពេញត្រង់ទៅតែម្តងទេ ព្រោះពួកប៉ូលីសនិងគិញបារាំងត្រៀបត្រានៅផ្លូវនេះ ចាំចាប់ពួកអ្នកភៀសខ្លួនចេញទៅសៀម។ ខ្ញុំត្រូវបង្វែងផ្លូវទៅខាងទន្លេធំ កំពង់ចាម រួចសឹមបកមកព្រែកក្តាមវិញ វាងពួកគិញបារាំងនៅម្តុំគីឡូលេខ ៦ ភ្នំពេញផង និងបំបាត់ដានផង។ ម្យ៉ាងទៀតការចេញដំណើរតាមដងទន្លេធំនេះ ខ្ញុំក៏អាចបានជួបនឹងមិត្តភក្តិអ្នកបដិវត្តន៍ច្រើនគ្នាទៀត នៅតាមដងទន្លេធំ ខ្ញុំនឹងបានជម្រាបមិត្តទាំងនោះឲ្យជ្រាប ពីព្រឹត្តការណ៍ថ្មីៗ រួចនិងលាគេទៅក្រៅស្រុកផង។ គ្រួសារខ្ញុំបានព្រមព្រៀងតាមនេះ ដោយណាត់គ្នាទៀតថា ខ្ញុំទៅដល់ទន្លេបិទ ឲ្យសំណាក់នៅនឹងផ្ទះបងប្រុសខ្ញុំ ប៊ុណ្ណ ចន្ទ ថាត់ ធ្វើការនៅហាងសំាងសែល ទន្លេបិទ ឯគេនៅឯភ្នំពេញឯណោះនឹងយកឡានមួយចេញទៅកំពង់ចាម ចាំទទួលខ្ញុំដែលមកពីទន្លេបិទ នាំយកមកព្រែកក្តាមវិញ រួចសឹមបន្តដំណើរទៅបាត់ដំបង។
បានណាត់គ្នាស្រេចបាច់ដូច្នោះហើយ ល្ងាចនោះខ្ញុំយកមាសពីរដុំជារបស់ផ្ទាល់ខ្លួន មូរនឹងចង្កេះខោទុកសម្រាប់ដូរចាយវាយនៅស្រុកគេ ពេលណាគ្មានប្រាក់ រួចយកកាំភ្លើងខ្លីតូចមួយសៀតចង្កេះ រួចឡើងកង់ប្រណាំង របស់ខ្ញុំប្រញាប់ប្រញាល់ទៅកាន់ចម្ការច្បារអំពៅ ខ្ញុំពូននៅទីនោះទៅ។ សូមជម្រាបថា ម្តាយឪពុកខ្ញុំមានចម្ការធំ មួយនៅច្បារអំពៅនេះ ។ ខ្ញុំសម្រាប់នៅទីនោះមួយយប់ ព្រឹកឡើងម្នីម្នាធាក់កង់តាមផ្លូវភ្នំពេញ ព្រៃនគរ កាត់វាលស្បូវ ព្រែកឯងទៅដល់ស្រុកគគីរ ទើបចុះពីផ្លូវជាតិ កាត់ទៅជើង រួចឆ្លងទូកទៅឡើងត្រោយល្វាឯម។ មកដល់ត្រង់នេះ ខ្ញុំឡើងកង់ធ្វើដំណើរតាមមាត់ទន្លេឆ្ពោះទៅកាន់ព្រែកហ្លួង។ ដល់ព្រែកហ្លួងម៉ោង ១ ជាងខ្ញុំក៏ឈប់សម្រាករកអាហារទទួលទាន។ បន្ទាប់មក ខ្ញុំក៏ទៅរកផ្ទះមិត្តម្នាក់ឈ្មោះខាន់ មិត្តខាន់ប្រញាប់ប្រញាល់សួរខ្ញុំអំពីព្រឹត្តការណ៍នៅភ្នំពេញ ដែលថា បារាំងចាប់លោក ស៊ឹង ង៉ុកថាញ់ ។ គិតទៅមិត្តខាន់ ជាមនុស្សតាមដានរឿងស្រុកទេសខ្លាំងណាស់ដែរ គួរសរសើរ។
ខ្ញុំឆ្លើយប្រាប់ហូរហែរទៅវិញថា ៖ ពិតមែនហើយ លោក ស៊ឹង ង៉ុកថាញ់ ត្រូវបារាំងចាប់ហើយ, ហើយអ្នកឯទៀតជាបក្សពួកក៏ត្រូវបារាំងចាប់ដែរ, ឯខ្ញុំនេះ ក៏ត្រូវភៀសខ្លួន ដើម្បីរកផ្លូវតស៊ូទៅមុខទៀត ខ្ញុំត្រូវទៅកាន់បាត់ដំបង តែត្រូវបង្វែងផ្លូវមកតាមនេះ រួចទៅសំណាក់នៅនឹងទន្លេបិទ ទើបបកមកព្រែកក្តាមវិញ។ មិត្តខាន់ យល់រឿងគាត់ងក់ក្បាល រួចឃាត់ខ្ញុំថា ៖ ឥឡូវប្អូនឯងទៅតាមកប៉ាល់វិញទៅស្រួលជាង ព្រោះជិះកង់តាមផ្លូវគោកពិបាកណាស់ , យប់នេះ សម្រាប់នៅផ្ទះខ្ញុំហើយ, ព្រឹកស្អែកម៉ោង ៦ កន្លះសឹមចុះកប៉ាល់! ខ្ញុំក៏យល់ព្រម ។ យប់នោះ ខ្ញុំសំណាក់នៅនឹងផ្ទះ មិត្តខាន់ ដោយសុខស្រួល។ ព្រលឹមឡើងមិត្តខាន់ជូនខ្ញុំមកកាន់ផែកប៉ាល់ រង់ចំាកប៉ាល់ឡើង។ កប៉ាល់មកដល់ មិត្តខាន់បានឲ្យពរខ្ញុំយ៉ាងច្រើនសូមឲ្យទៅនៅស្រុកគេបានសុខសប្បាយ ដើម្បីធ្វើការរំដោះប្រទេសជាតិទៅទៀត ។ ខ្ញុំលើកដៃទទួលពរមិត្តខាន់ដោយស្មោះ រួចក៏លើកកង់ដាក់លើស្មា លាមិត្តខាន់ចុះកប៉ាល់ទាំងអាល័យ ។ កបា៉ល់ចេញពីផែ ឃ្លាតឆ្ងាយមក ទើបខ្ញុំអង្គុយចុះ តែខ្ញុំនៅតែសម្លឹងមិត្តខាន់ទាល់តែឆ្ងាយមើលលែងឃើញ។
កប៉ាលដុតអុសម៉ែត្រ រលាក់ខ្លួនតិចៗដូចគេអង្រួនមើលទៅក្រោមគែមរលកខ្ចាយរត់ទៅក្រោយ, យូរៗម្តងវាឲ្យស៊ីផ្លេចូលផែព្រះប្រសប់ រកាកោង ព្រែកពោធិ៍, ពាមជីកង ល ។ រួចម៉ោងប្រមាណជា ១ ទើបបានមកដល់ទន្លេបិទ។ ខ្ញុំលីកង់ចុះពីកប៉ាល់ រួចរូតរះប្រញាប់ឡើងគោក ខ្ញុំជិះកង់ទៅរកផ្ទះបង ប៊ុណ្ណចន្ទ ថាត់ របស់ខ្ញុំ។ ខ្ញុំនិយាយរាយរ៉ាប់ប្រាប់បងខ្ញុំតាមដំណើររឿង។ បងប៊ុណ្ណចន្ទ ថាត់ ក៏ទទួលឲ្យខ្ញុំស្នាក់នៅដោយប្រុងប្រយ័ត្ន។ ខ្ញុំស្នាក់នៅនឹងផ្ទះបងខ្ញុំបានមួយយប់ ព្រឹកឡើងក៏ត្រូវបងនេះជូនដំណើរឆ្លងមកក្រុងកំពង់ចាម ដើម្បីជួបនិងបងប្អូនដែលណាត់គ្នាពីភ្នំពេញ ។ ពេលមកដល់ក្រុងកំពង់ចាម ខ្ញុំក៏បានជួបនឹងបងប្អូនព្រមទាំងក្មួយៗខ្ញុំច្រើននាក់ដែលមកពីភ្នំពេញគឺប្អូន ប៉ុង ង៉ា (ស្រី) ប្អូន លូ (ប្រុស) ក្មួយ ជួនជឿន , ជួន ម៉ុម , ជួន ប្រសិទ្ធ ដែលយករថយន្តស៊ីត្រូអេនដប់ប្រាំសេះរបស់ បងស្រីខ្ញុំនៅភ្នំពេញមកទទួលខ្ញុំ តាមការណាត់។ ខ្ញុំយកកង់ទៅទុកនៅនឹងគូទឡាន។ ខ្ញុំនិងអ្នកទាំងអស់គ្នា លាបង ប៊ុណ្ណចន្ទ​ ថាត់ ឡើងឡានបត់ក្បាលបើកត្រឡប់មកទិសខាងលិចវិញ ។ នៅក្នុងឡានទាំងអស់គ្នានិយាយប្រាប់ ខ្ញុំថា ៖ ល្ងាចមិញពួកក្រសួងសម្ងាត់បីបួននាក់បានទៅរកខ្ញុំឯផ្ទះមុខវត្តឧណ្ណាលោម តែបងប្អូនខ្ញុំឆ្លើយថា មិនបានឃើញខ្ញុំមកផ្ទះទេ ពួកនោះក៏ត្រឡប់ទៅវិញទៅ។ ខ្ញុំនឹកឃើញថា មែនពួកបារាំងតាមរូបខ្ញុំមែន បើមិនបានគេចមកទេ ប្រហែលជាខ្ញុំមានគ្រោះថ្នាក់ធំ ជាប់ទោសទៅកោះត្រឡាចឬយ៉ាងណាៗទៀតពុំខាន។ ខ្ញុំនឹងឃើញទៀត ពាក្យអ្នកដែលអែបអបបារាំងថា ឲ្យតែបារាំងឈ្នះជប៉ុននឹងប្រាប់បារាំងឲ្យចាប់ពួកខ្ញុំ ពួកអាចារ្យ ហែមចៀវ ដាក់គុកជាថ្មីទៀត។ ពាក្យនេះ គេបានពោលពេលដែលខ្ញុំរត់រួចពីកោះត្រឡាចមកនៅភ្នំពេញវិញនោះ។ ឱ!ខ្មែរអើយ បើររវល់តែយកគាប់គួរនឹងជាតិគេ ហើយសុខចិត្តសម្លាប់ខ្មែរគ្នាឯងយ៉ាងហ្នឹង តើនឹងឲ្យស្រុកទេសដើរទៅមុខម៉េចនឹងរួច?
នៅពេលដែលរថយន្តជិតនឹងដល់ព្រែកក្តាម ខ្ញុំឲ្យរថយន្តឈប់ដាក់ខ្ញុំចុះ ឲ្យទាំងអស់គ្នាឆ្លងសាឡាងទៅចុះ ហើយឲ្យបើកទៅចាំនៅភូមិមួយជិតកំពង់ហ្លួង ខ្ញុំនឹងឆ្លងទៅជួបត្រង់ទីនោះ។ យើងត្រូវវាងត្រង់កំពង់ចម្លងព្រែកក្តាមនេះ ត្បិតខ្លាចមានគិញប៉ូលីស ឆែកឆេរទៀត ។ ណាត់គ្នាដូច្នោះស្រេច បងប្អូនខ្ញុំ ក៏បើកឡានទៅឆ្លងសាឡាងឯខ្ញុំក៏ជិះកង់ខ្ញុំតាមផ្លូវមាត់ទន្លេត្រង់ទៅជើង ។ លុំទន្ទឹមនឹងភូមិមួយដែលបានណាត់នោះ ខ្ញុំក៏ឈប់ រួចរកទូកគេឆ្លង។ ជាកុសលល្អ មានទូកមួយគេទទួលចម្លងទៅ ខ្ញុំបានដល់ត្រើយដូចប្រាថ្នា ហើយឈរចាំរថយន្តបងប្អូនខ្ញុំ ។ ក្រោយមក រថយន្តមកដល់ខ្ញុំក៏បានឡើងជិះតទៅទៀត។ គិតទៅដំណើរភៀសខ្លួននេះ លំបាកណាស់។
រថយន្តបានធ្វើដំណើរទៅមុខគ្មានឈប់ឈរ ទៅដល់ខេត្តពោធិ៍សាត់ ។ សូមជម្រាបថា កាលណោះខេត្តបាត់ដំបង, ត្រូវសៀមត្រួតត្រាជារបស់សៀម ហើយមានព្រំប្រទល់នឹងខ្មែរ ត្រង់ស្វាយដូនកែវ ។ រថយន្តបាននាំខ្ញុំដល់សាលាស្រុកត្រពាំងជង , ហួសពីសាលាស្រុកត្រពាំងជងប្រហែល ៧ គម ដល់កន្លែងស្ងាត់ក៏ឈប់ ។ ទាំងអស់គ្នាចុះពីរថយន្ត ខ្ញុំក៏គម្របគូទឡានយកទោចក្រយានខ្ញុំចេញមក ។ ជាឱកាសដែលខ្ញុំត្រូវបែកពីបងប្អូនកូនក្មួយជាទីស្រឡាញ់ហើយ ។ ខ្ញុំត្រូវធ្វើដំណើរទៅតែម្នាក់ឯងក្នុងពេលនេះហើយ ។ ខ្ញុំក៏និយាយលាប្អូនប្រុសស្រីនឹងក្មួយខ្ញុំថា សូមប្អូនៗនិងក្មួយៗ មើលថែទាំគ្រួសារផង ព្រោះខ្ញុំទៅនេះពុំមានកំណត់ថា ថ្ងៃណានឹងបានវិលមកជួបជុំគ្រួសារវិញទេ, កាលតស៊ូមានតែស្លាប់ ហើយនឹងរស់ជាគូនឹងគ្នា ។ ជាពិសេសខ្ញុំបាន ផ្តាំក្មួយខ្ញុំ ជួន ជឿន, ជួន ម៉ុម, ជួន ប្រសិទ្ធ ឲ្យខំរៀនឲ្យមែនទែន ដើម្បីជួយខ្មែរតទៅផង។ ក្មួយទាំងនេះ ក៏ថា ខ្ញុំនឹងគោរពតាមពាក្យមាព្រមទាំងធ្វើតាមគន្លងមាឥតរំលង។ ហើយប្អូនៗនិងក្មួយៗ ក៏ឲ្យពរខ្ញុំសូមទៅឲ្យបានសុខសប្បាយ ធ្វើការបម្រើជាតិបានជោគជ័យទៅអនាគត ។ ខ្ញុំទទួលពរនេះ ដោយញញឹម តែក្នុងចិត្តពោរពេញដោយក្រៀមក្រំស្រណោះ។ ខ្ញុំនឹងគ្រួសារខ្ញុំ នៅនិយាយគ្នាតែពាក្យដដែល ផ្តាំផ្ញើនឹងឲ្យពរគ្នាទៅវិញទៅមក ។ ទម្រាំតែដាច់ចិត្តបែកគ្នា យើងចំណាយពេលលាគ្នាអស់ ២០ នាទី ។ ខ្ញុំឡើងជិះកង់ចេញទៅ ធាក់បានបួន ដប់ជំហានងាកមើលទៅបងប្ងូនឃើញគេឈរមើលមកខ្ញុំ , ខ្ញុំធាក់តទៅទៀត , ហើយងាកមើលទៅទៀត លើកដៃឡើងលាគេលើកតបមកវិញ។ ការបែកគ្នានេះ មិនងាយបានត្រឡប់មកជាន់ដីខ្មែរវិញទេ តែមកពីខំកាត់ចិត្តលះបង់គ្រួសារគ្រប់យ៉ាង ដើម្បីតស៊ូរំដោះជាតិ ទើបត្រូវតែឃ្លាតទៅនេះ ។ នេះជាលើកដំបូងនៃជីវិតខ្ញុំដែល ភៀសខ្លួនទៅកាន់បរទេស ។ ខ្ញុំធាក់កង់បានប្រហែល ២ ម៉ោង ក៏ដល់ផ្លូវបត់ចូលវត្តស្វាយដូនកែវ ខ្ញុំចូលទៅកាន់វត្ត ស្វាយដូនកែវ ហើយសំដៅទៅរកទូកឆ្លងទៅកាន់ត្រើយម្ខាង។ ក្នុងការឆ្លងទូកនេះ មានអនុស្សាវរីយ៍មួយដែលខ្ញុំពុំភ្លេច គឺខ្ញុំកំពុងតែជិះទូកឆ្លង បានឮសម្តីពីក្នុងផ្ទះមួយនៅជិតម្ខាងដីសៀម និយាយឡើងៈ យើ ! រទេះកង់នោះ ល្អណាស់វើយ! ខ្ញុំនឹកភ័យប៉ផ្លុក អ៊ីយ៉ា ក្រុមចោរសៀមទល់ដែនហើយតើ! ខ្ញុំស្ទាបកំាភ្លើងដែលនៅនឹងចង្កេះពង្រឹងស្មារតី ឡើងវិញ! ខ្ញុំមើលកង់ខ្ញុំ និងមើលទៅមុខអ្នកអ៊ុំទូក តែអ្នកអ៊ុំទូកនិយាយថា៖ មិនអីទេ , ហើយចេះតែអ៊ុំទៅធ្វើព្រងើយ លុះត្រាតែ ដល់ត្រើយ ។ បន្ទាប់ពីសោហ៊ុយដល់ទូកដរួច ហើយ ខ្ញុំឡើងកង់តាមថ្នល់ឆ្ពោះទៅបាត់ដំបងតែម្តង។ តាមថ្នល់ខ្ញុំជិះនៅខាងឆ្វេង ព្រោះស្រុកសៀម បើកបរខាងឆ្វេង ។ នៅវេលាម៉ោង ៦ ល្ងាច ដោយកម្លាំងខំរបស់ខ្ញុំ ខ្ញុំបានទៅដល់ស្រុកមោងឬស្សី ។ ខ្ញុំទៅរកផ្សារមោង ដើម្បីរកតាម្នាក់ឈ្មោះតាទឹង ដែលស្គាល់នឹងអាលសុំស្នាក់ ។ លោកតាទឹង ជាជាងមាសម្នាក់នៅផ្សារស៊ីញែកពីដើម តែពេលដែលមានចលចលគាត់ក៏មកនៅស្រុកមោង ។​ ខ្ញុំសួរគេហូរគេហូរហែរ ទៅក៏បានស្គាល់ជួបនឹងតាទឹងដូចបំណង។ តាមទឹងរាក់ទាក់ទទួលខ្ញុំ ឲ្យខ្ញុំសំណាក់នៅមួយយប់ដោយសុវត្ថិភាព ។ លុះព្រឹកឡើងខ្ញុំបានលាតាទឹងបន្តដំណើរតាមទោចក្រយានខ្ញុំឆ្ពោះទៅកាន់ខេត្តបាត់ដំបង ។ ដើម្បីសូមស្នាក់នៅនឹងមា ប៉ុក គុណ ហៅ ត្រឡាច ។
នៅវេលាម៉ោង ១១ ថ្ងៃត្រង់ ខ្ញុំក៏បានទៅដល់ផ្ទះមាខ្ញុំដូចបំណង។ ផ្ទះមាខ្ញុំ ស្ថិតនៅចុងស្ពានដែក ផ្នែគខាងកើតផ្ទះនេះ ជារបស់ម្តាយក្មេកគាត់ឈ្មោះ ប៉ម ម៉ាយ ។ មាខ្ញុំបានទទួលខ្ញុំដោយរាក់ទាក់ជាទីបំផុត ហើយសូរខ្ញុំថា ៖ តើមានជួបនឹង លោកប៉ានយិង និងក្មួយប៊ុណ្ណចន្ទ ធួនទេ ? ខ្ញុំឆ្លើយថា មិនបានជួបទេ ទើបមាខ្ញុំបែរជាប្រាប់ខ្ញុំថា លោកប៉ានយិន លោកទៅតែត្រឹមពោធិ៍សាត់ទេ លោកពុំហ៊ានចូលទៅភ្នំពេញទេ ខ្លាចគេចាប់, លោកត្រូវត្រឡប់ចូលទៅបាងកកវិញ ព្រោះលោកមានកូនប្រុសម្នាក់ឈ្មោះប៉ាន ក្លេប៉ង់ ធ្វើការជានាយកក្នុងក្រុមហ៊ុន អុកស៊ីសែននៅក្រុងបាងកក ជាទីពឹងអាស្រ័យដែរ ។ ឯក្មួយប៊ុណ្ណចន្ទ ធួន អាចចូលទៅស្រុកខ្មែរវិញបាន ត្បិតអាងលើចំណាត់ការ ដែលប្រើឲ្យត្រឹមតែជាអ្នកបកប្រែភាសាជូនលោកប៉ាន យិន ប៉ុណ្ណោះ ។ ហើយមាខ្ញុំសរសើរខ្ញុំថា វាងវៃមែនចេះដោះខ្លួនរួចមកដល់កន្លែងនេះបាន ។ គាត់និយាយនឹងខ្ញុំថាមិនអីទេ យើងត្រូវបង្កើតក្រុមខ្មែរអ្នកតស៊ូមួយក្រុមឡើង ធ្វើការរំដោះស្រុកពីបារាំង ។ ខ្ញុំសប្បាយចិត្តណាស់ ដោយមាខ្ញុំមានគំនិតស្របនឹងខ្ញុំតាំងពីដំបូងដៃដូច្នោះ ។

អត្ថបទអ្នកតស៊ូខ្មែរ ៖ ប៊ុណ្ណចន្ទ ម៉ុល

អ្នកដំណើរចេញនិងចូលនៅក្នុងទីតំបន់ ដាណាងវៀតណាមកណ្តាល សង្ស័យថាបានឆ្លងវីរុសកូវីត ១៩

NDO – ក្រសួងដឹកជញ្ជូន (MOT) បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយដើម្បីស្នើសុំឱ្យទីភ្នាក់ងារនិងអង្គភាពនានានៅក្នុងវិស័យនេះផ្អាករាល់ការហោះហើរផ្លូវដឹកជញ្ជូនផ្លូវថ្នល់និងរថភ្លើងសម្រាប់អ្នកដំណើរទៅនិងចេញពីទីក្រុង Da Nang រយៈពេល ១៥ ថ្ងៃចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៨ ខែកក្កដា។

ក្រសួងពាណិជ្ជកម្មបានចាត់តាំងអគ្គនាយកដ្ឋានផ្លូវថ្នល់វៀតណាម (VNR) រដ្ឋបាលអាកាសចរណ៍វៀតណាមរដ្ឋបាលផ្លូវដែករដ្ឋបាលដែនសមុទ្រវៀតណាមនិងរដ្ឋបាលផ្លូវទឹកវៀតណាមដើម្បីសម្របសម្រួលជាមួយទីភ្នាក់ងារនិងអង្គភាពពាក់ព័ន្ធនៅក្នុងទីក្រុងដើម្បីត្រួតពិនិត្យនិងដឹកនាំបញ្ហាបន្ទាន់នៅក្នុង  លក្ខណៈទាន់ពេលវេលា។

យោងតាមអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន ឡេអានអាញ់ រាល់ជើងហោះហើរក្នុងស្រុកទៅនិងមកពីដាណាងត្រូវផ្អាក។  ទន្ទឹមនឹងនេះការហោះហើរកាន់តែច្រើននឹងត្រូវបានផ្អាក ដើម្បីបន្ថយភ្ញៀវទេសចរពីទីក្រុងដាណាងនៅយប់ថ្ងៃទី ២៨ ខែកក្កដា។

ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវខេត្តនិងអន្តរខេត្តទៅនិងមកក្រុងត្រូវបានបញ្ឈប់នៅក្នុងរយៈពេលនេះលើកលែងតែគោលបំណងផ្លូវការនិងការផ្គត់ផ្គង់ស្បៀងអាហារនិងរបស់ចាំបាច់។

សេវាកម្មនៅស្ថានីយ៍រថភ្លើងដាណាងក៏នឹងត្រូវបិទជាបណ្តោះអាសន្នផងដែរ។  បណ្តាញរថភ្លើងហាណូយ – ហូជីមិញនឹងបន្តប៉ុន្តែវានឹងមិនទទួលឬទម្លាក់អ្នកដំណើរនៅដាណាងទេ។

គណៈកម្មាធិការដឹកនាំរបស់ទីក្រុងហាណូយសម្រាប់ការបង្ការនិងត្រួតត្រា Covid-19 បានរៀបចំការប្រជុំតាមអ៊ិនធរណេតជាមួយថ្នាក់ដឹកនាំស្រុកនិងក្រុងនានាក្នុងទីក្រុង។

ទីក្រុងនេះបានកន្លងផុតទៅ ១០៣ ថ្ងៃដោយគ្មានករណីថ្មីដែលបានរាយការណ៍នៅក្នុងសហគមន៍។  ទោះយ៉ាងណាបច្ចុប្បន្នមានប្រជាជនប្រមាណពី ១៥.០០០ ទៅ ២០,០០០ នាក់កំពុងធ្វើដំណើរនៅដាណាងដែលនាំមកនូវហានិភ័យប្រឈមនិងការឆ្លងនៃជំងឺ។

ប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយបានស្នើឱ្យតំបន់នានាត្រូវផ្តួចផ្តើមគំនិតក្នុងការទប់ស្កាត់ការរីករាលដាលនៃ Covid-19 យ៉ាងឆាប់រហ័សដោយផ្តោតលើការពិនិត្យឡើងវិញនូវរាល់ប្រជាជនដែលធ្វើដំណើរពីទីក្រុង Da Nang ទៅទីក្រុងហាណូយចាប់តាំងពីថ្ងៃទី ៨ ខែកក្កដាជាពិសេសពីតំបន់ដែលរងផលប៉ះពាល់ពីការរាតត្បាត។

ប្រជាជនដែលត្រឡប់មកពីទីក្រុង Da Nang គួរតែប្រកាសនិងត្រួតពិនិត្យសុខភាពរបស់ពួកគេយ៉ាងសកម្ម។  មន្ទីរពេទ្យនិងមណ្ឌលសុខភាពត្រូវតែអនុវត្តនីតិវិធីសម្រាប់ការការពារនិងការត្រួតពិនិត្យ Covid-19 ក្នុងការពិនិត្យនិងព្យាបាល។

https://en.nhandan.com.vn/

បុព្វហេតុនៃការទម្លាក់សម្តេចសីហនុ

movies | BOOK OF DAYS TALES
ដំណើរទស្សនកិច្ចនៅប៉េកំាង ឆ្នំា ១៩៦៩

ចាប់ពីឆ្នំា ១៩៦០ មក សម្តេចសីហនុបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់មេដឹកនំាវៀតណាមនិងចិនប្រជាមានិត ព្រោះតែសម្តេចសីហនុមិនស្គាល់ខ្លួនលោកនិងមិនស្គាល់នរណាជាសត្រូវ នរណាជាមិត្តអោយបានច្បាស់លាស់។ តាមការពន្យុះរបស់មេដឹកនំាចិន ជូ អេងឡាយ សម្តេចសីហនុបានបញ្ឈប់ល្បែងឲ្យសហរដ្ឋអាមេរិកបន្តការកសាងផ្លូវក្នុងស្រុកខ្មែរតទៅទៀត ព្រោះមេដឹកនំាចិនបានបំភ័យសម្តេចថា ( អាមេរិកសង់ផ្លូវធំៗគឺមានបំណងងាយស្រួលចុះ យន្តហោះចម្បំាងដណ្តើមអំណាចពីទ្រង់) ។ នេះគឺយុទ្ធសាស្រ្តរបស់ចិននិងវៀតណាម ហូ ជីមិញ ដែលចង់ឲ្យទីជនបទស្រុកខ្មែរនៅដាច់ស្រឡះពីសង្គមដឹកនំា ពីការទាក់ទងជាមួយទីក្រុង ក្នុងគោលបំណងកុំឲ្យជនបទស្រុកខ្មែររីកចម្រើន បាន ដើម្បីទុកឱកាសអោយវៀតណាមនិងខ្មែរក្រហមងាយស្រួលក្នុងការធ្វើឃោសនាទាក់ទាញរាស្រ្តខ្មែរឲ្យស្រឡាញ់ទ្រឹស្តី ក្រហម ដូចដែលម៉ៅ សេទុងបានជោគជ័យក្នុងចំណោមប្រជារាស្រ្តចិនក្រីក្រនៅទីជនបទស្រែចម្ការ ឯស្រុកចិនពីមុន។
ដើម្បីផ្គាប់ចិត្តមេដឹកនំាចិននិងព្រមានសហរដ្ឋអាមេរិកផង សម្តេចសីហនុបានបញ្ជាលោក ឃឹម ទិត ដឹកនំាទាហានហ្លួងស្លៀកពាក់ស៊ីវិលចេញទៅប្រមូលសិស្សានុសិស្សពីគ្រប់វិទ្យាល័យរដ្ឋនិងឯកជនក្នុងក្រុង ( ជាពិសេសសិស្សពីវិទ្យាល័យចម្រើនវិជ្ជា កម្ពុជាបុត្រ) ទៅវាយស្ថានទូតអាមេរិក ស្ថានទូតអង្គគ្លេស ( ជិតវិមានឯករាជ្យ កាលនោះស្មេរដែលជាសិស្សថ្នាក់ទី៤ វិទ្យាល័យស៊ីសុវត្ថិបានតាមទៅ ហើយឈរមើលលើចិញ្ចើមវិថីព្រះនរោត្តមខាងលិច ឃើញសិស្សមួយក្រុមកំពង់រើកកាយហ្វិលកុនទម្លាក់ចោលតាមបង្អួចពីជាន់លើមកក្រោម) វាយបំផ្លាញទីចាត់ការទស្សនាវដ្តី លោកសេរីជាប់ខាងត្បូងវិទ្យាល័យស៊ីសុវត្ថិ) ក្នុង ១៩៦៣ ផ្តាច់ជំនួយមានចំណងរបស់អាមេរិក ហើយបង្កើតជំនួយឥតចំណងរបស់ចិន រុស្ស៊ីនិងប្រទេសកុម្មុយនីស្តដទៃវិញ ហើយដល់ឆ្នំា ១៩៦៥ សម្តេចក៏ផ្តាច់ចំណងទូតជាមួយសហរដ្ឋអាមេរិកទាំងស្រុងតែម្តង។
ការផ្តាច់ជំនួយសហរដ្ឋអាមេរិកធ្វើឲ្យសេដ្ឋកិច្ចខ្មែរស្ទះ មានវិបត្តិយ៉ាងធ្ងន់។ ថវិការជាតិត្រូវចុះឱនថយ ព្រោះចំណាយច្រើនជាងចំណូល ដោយប្រព័ន្ធដឹកនំាខ្មែរគ្មានប្រសិទ្ធភាព។ សម្បត្តិធម្មជាតិមានត្បូងកណ្តៀង ត្បូងទទឹម រាប់កោដដុល្លាររត់ពន្ធចេញតាមខេត្តច័ន្ធបុរីទៅ ហុងកុង រួចទៅស្វីស ក្រុមហ៊ុនច្នៃត្បូងស្វីសស្គាល់ថា ប៉ៃលិនស្ថិតនៅក្នុងទឹកដី ថៃ ហើយត្បូងកណ្តៀងប៉ៃលិនជាត្បូងជាប់លេខ១ ។ រដ្ឋមិនចេះរកប្រយោជន៍ហើយទុកភោគផលសមុទ្រឲ្យវៀតណាម និងឈ្មួញសៀមចូលមកកាន់កាប់ ដោយចៅហ្វាយខេត្ត មានលោក សេក សំអៀត ជាដើមហ៊ុនគ្នាជាមួយ លោក សុង សាក់ ជាមួយឈ្មួញសៀម។ ការដឹកនំាចេញជ័រកៅស៊ូនិងស្រូវមិនគ្រប់គ្រាន់ឡើយ។ ថែមពីលើវិបត្តិនេះទៀត តម្លៃជ័រកៅស៊ូត្រូវចុះថោកក្នុងផ្សារអន្តរជាតិទៀត។ សម្តេចសីហនុ ដោយជឿស្តាប់តាមគំនិតឆ្វេងនិយមនិងមេដឹកនំាចិន ក៏សម្រេចចិត្តធ្វើតូបនីយកម្មសហគ្រាសនានា ក្រុមហ៊ុនដឹកនំាទំនិញចេញចូល រោងចក្រឯកជន។ តែអ្នកកាន់ការពុករលួយ គ្មានមនសិការជាតិ គ្មានការអប់រំហ្វឹកហ្វឹនផ្នែកសេដ្ឋកិច្ច ហើយជំនួយពីស្រុកកុម្មុយនីស្តក៏មិនគ្រប់គ្រាន់និងគ្មានគុណភាពថែមទៀត។ លើសពីនេះទៀត អង្ករត្រូវចេញតាមផ្សារងងឹត ដោយចិនឈ្មោះ គួច អាន ហ៊ុនគ្នាជាមួយអ្នកម្នាង និងអ៊ុំ ម៉ាណូរិន នាយទាហានខ្លះ ប្រជាជនខ្លះនាំយកទៅលក់ឲ្យពួកវៀតកុងយកជាប្រាក់រៀលក្លែងក្លាយសុទ្ធសាធ មិនបានរូបិយបណ្ណអន្តរជាតិសោះ។
កំហុសនយោបាយដ៏ធ្ងន់ធ្ងរមួយ គឺការអនុញ្ញាតរបស់សម្តេចឲ្យវៀតកុងតាំងមូលដ្ឋានទ័ពនិងទីបញ្ជាការសឹកលើ ដីខ្មែរបានផ្តល់ផលអាក្រក់ច្រើនជាងល្អ។
ពួកវៀតកុងវៀតណាមខាងជើង បានបញ្ជាឲ្យប្រជាជនខ្មែរល់ើបះបោរទាមទារដីពីខ្មែរក្នុងខែ ឧសភា ឆ្នំា ១៩៦៨ និងបង្កើតគំាទ្រផ្គត់ផ្គង់អប់រំពួកខ្មែរក្រហមដែលមានទីតាំងនៅជិតៗមូលដ្ឋានគេ។
ការជួយយួនកុម្មុយនីស្តដែលសម្តេចសីហនុយល់ថា ជាមធ្យោបាយអាចបញ្ចៀសសង្រ្គាមនៅក្នុងស្រុកខ្មែរបាននោះ ត្រឡប់ជាហុចផលផ្ទុយទៅវិញ គឺទ្រង់បាននាំសង្រ្គាមឲ្យរាលដាលចូលមកក្នុងស្រុកខ្មែរទៅវិញសោះ។
សហរដ្ឋអាមេរិកសម្តេចកម្ទេចមូលដ្ឋានអគ្គបញ្ជាការយួនខាងជើងវៀតកុងក្នុងដែនដីខ្មែរ ព្រោះមានភស្តុតាង គ្រប់គ្រាន់ក្នុងការដែលរាជាណាចក្រកម្ពុជាបានជួយឲ្យជម្រកទាហានវៀតណាមខាងជើង វៀតកុង ជួយជញ្ចូនផ្តល់ អង្ករ សម្ភារសឹក ដែលយន្តហោះអាមេរិកថយបានជាច្រើននិងបានទាំងស្ទូចយកទាំងឡានដឹកអង្ករ ថ្នាំពេទ្យ សាស្រ្តាវុធទៅឲ្យវៀតកុងនោះផង។
សហរដ្ឋអាមេរិកបានប្រើយន្តហោះ បេ ៥២ ឲ្យទៅទម្លាក់គ្រាប់បែកតាមព្រំដែនខ្មែរ វៀតណាមខាងត្បូងហៅថា ប្រតិបត្តិការសឹកអាហារពេលព្រឹក ហើយបន្ថែមដោយ ប្រតិបត្តិការអាហារថ្ងៃត្រង់ ប្រតិបត្តិការអាហារពេលល្ងាច ជាបន្តហូរហែរ….។
យល់ដល់គ្រោះអាសន្នមកដល់ សម្តេចសីហនុក៏យល់ព្រមសុខចិត្តភ្ជាប់ចំណងទូតជាមួយសហរដ្ឋអាមេរិកវិញក្នុងខែ មិថុនា ឆ្នំា ១៩៦៩
សម្តេច សីហនុ កាលនោះដោយទោនទន់ទៅតាមអ្នកម្នាង ដែលចង់ឲ្យសម្តេចសីហនុធ្វើពិធីរាជភិសេក( ដើម្បីខ្លួនបានឡើងជាអគ្គមហេសីពេញយស) និងហាក់ដូចជាចង់ដកខ្លួនពីនយោបាយមកសោយរាជ្យជាស្តេចវិញ ដោយគ្រប់ពិធីច្រត់ព្រះនង្គ័លសម្តេចចេញមុខទទួលធ្វើ និងយកអ្នកម្នាងចេញមុខឲ្យប្រជារាស្រ្តខ្មែរបានស្គាល់គ្រប់គ្នាផង ក្នុងពិធីនេះ នៅគ្រប់ខេត្តក្រុងក្នុងស្រុកខ្មែរ។
ដោយអស់ផ្លូវនិងដេញទ័ពវៀតកុង វៀតណាមខាងជើងឲ្យចេញពីស្រុកខ្មែរនោះ សម្តេចក៏រកលេសចេញទៅ ព្យាបាលជម្ងឺនៅឯស្រុកបារាំងនៅថ្ងៃទី ៦ខែ មករា ឆ្នំា ១៩៧០។ បើតាមពិតវិញនោះ គឺសម្តេចចេញទៅរកការអង្វរឲ្យ មេដឹកនាំចិន រុស្ស៊ីធ្វើសម្ពាធបង្ខំឲ្យកងទ័ពយួនកុម្មុយនីស្តចេញផុតពីដែនដីខ្មែរ ។ ប្រាកដណាស់ គឺនៅដើមឆ្នំា ១៩៧០ ដែលសម្តេចស្វែងយល់ថា ( សង្រ្គាមបានរាលដាលចូលមកក្នុងប្រទេសខ្មែរហើយៗទ្រង់បានបញ្ចេញកំហឹងជា សាធារណប្រឆាំង និងពួកវៀតកុង វៀតណាមខាងជើង។
ឆ្លៀតពេលនោះទ្រង់ សិរិមតៈ ដែលមានទំនាក់ទំនងរាជវង្សជាមួយសម្តេចសីហនុ ខឹងសម្បារ ក៏រួមដៃជម្រុញលោក លន់ ណុល ជាមិត្ត ដោយមានការគំាទ្រពីក្រុមលោក ស៊ីង ង៉ុកថាញ់ផង ឲ្យទម្លាក់សម្តេច ដោយបង្កើតឲ្យមានបាតុកម្ម ទាមទារឲ្យយួនវៀតកុង ដកចេញពីដែនដីខ្មែរ និងការវាយស្ថានទូតវៀតកុងនិង ស្ថានទូតវៀតណាមខាងជើង នៅក្រុងភ្នំពេញផង។

អត្ថបទ៖ សាស្រ្តាចារ្យ ហ៊ិន ស៊ីថាន

លទ្ធផលនៃផែនការហូជីមិញ

បុព្វហេតុនៃជ័យជម្នះរបស់ខ្មែរក្រហម និងការបរាជ័យរបស់របបសាធារណរដ្ឋខ្មែរ

លោក​ សាឡុត សរ ឬ ប៉ុល ពត តែងតែអួតថា ៖ ពួកខ្លួនវាយឈ្នះអាមេរិកកាំង និងរបបសាធារណរដ្ឋខ្មែរ ដោយសារតែនយោបាយដ៏ភ្លឺស្វាងរបស់អង្កការនិងកងទ័ពប្រដាប់អាវុធប្រជាជនកម្ពុជាដ៏ខ្លាំងក្លាមហាអស្ចារ្យ ដូចចម្រៀងមួយបទរបស់ខ្លួនថា ៖ នយោបាយរួមផ្សំអាវុធ ប្រសើរមុះមុតរបស់អង្គការ …។ តាមពិតជ័យជម្នះរបស់ពួកគេបានមកក៏ដោយសារតែយួន និងចិនទៅវិញទេ បើគ្មានជំនួយសម្ភារ៖សន្ធឹកសន្ធាប់ពីចិនប្រជាមានិតនិងជំនួយពីកងទ័ពយួនខាងជើង វៀតកុង ដែលវាយខ្មែរសាធារណរដ្ឋពីខែមេសា ១៩៧០ មកខែមិនា ១៩៧៣ ព្រមទាំងសភាសហរដ្ឋអាមេរិកសម្រេចឲ្យបញ្ឈប់លែងប្រើយន្តហោះ បេ ៥២ ទៅទម្លាក់គ្រាប់បែកលើដែនដីខ្មែរទៀតចាប់ពីឆ្នំា ១៩៧៣ ទេនោះ ខ្មែរក្រហមច្បាស់ជារកមិនឃើញជ័យជម្នះថ្ងៃទី ១៧ មេសា ១៩៧៥ នោះឡើយ។

ថែមពីនេះ មានកត្តាបីសំខាន់ៗធំ បានធ្វើអោយរបបសាធារណរដ្ឋខ្មែរដួលរលំ ដូចខាងក្រោម៖

ខ្មែរសាធារណរដ្ឋ ១. មានខ្មាំងផ្ទៃក្នុងចៅហ្វាយខេត្តភាគច្រើនដូចជា សៀក សំអៀត ជាពិសេសនាយការិយាល័យទី២ គីម អេង ធូរុនដេត ដែលផ្តល់ចំណុចខ្សោយក្រុមសាធារណរដ្ឋនិងការសម្ងាត់នៃប្រតិបត្តិការសឹកទៅខ្មែរក្រហម។ ២. ពុករលួយលើសជំនាន់សម្តេចសីហនុ ១ ជា ១០ ដង នាយទាហានលោក លន់ ណុល សង់វិទ្យា មានប្រពន្ធចុងរាប់សិប។ ៣. គ្មានប្រើនយោបាយចិត្តសាស្រ្ត នាយទាហានបម្រើខ្មំាង លក់ថ្នាំពេទ្យ គ្រាប់ ទៅឲ្យខ្មាំង។

ខ្មែរក្រហម
១.គ្មានខ្មាំងផ្ទៃក្នុង ប៉ុល ពត បានធ្វើការបោសសម្អាតសម្លាប់ពួកខ្មែរវៀតមិញ និងអ្នកគាំទ្រសម្តេចសីហនុ។
២. គ្មានអំពើពុករលួយ វិន័យដែកថែប គ្មានយោគយល់ គ្មានមនោសញ្ចេតនា( គ្មានបេះដូង)
៣. នយោបាយចិត្តសាស្រ្តខ្លំាង
នៅក្នុងជួរខ្មែរក្រហមអ្នកដែលគេអនុញ្ញាតឲ្យចូលជាបេក្ខជនបាននោះ លុះត្រាតែមានប្រវត្តិស្អាតស្អំ ហើយថែមទាំងបានបំពេញលក្ខខណ្ឌមួយចំនួនដែលអង្គការតម្រូវឲ្យធ្វើ។ អគ្គលេខាធិការបក្សកុម្មុយនីស្តខ្មែរ លោក សាឡុត សរ អាចក្តាប់ត្រួតត្រាបានលើក្រុមខ្មែរក្រហមទាំងមូល ដោយប្រើវិន័យដែកថែប និងអំណាចផ្តាច់ការវណ្ណៈអធន។ ផ្ទុយទៅវិញ លោក លន់ ណុល មិនអាចត្រួតត្រាឬក្តាប់អ្នកក្រោមបង្គាប់លោកឲ្យដូចពួកខ្មែរក្រហមសោះឡើយ។ ការទម្លាក់សម្តេច សីហនុ មិនចាត់ទុកថា ជាបដិវត្តន៍បានឡើយ គឺជាការដណ្តើមអំណាច ដោយគ្មានការបង្ហូរឈាមណាមួយឡើយ។ កំហុសដ៏ធំរបស់លោក លន់ ណុល គឺមិនយល់ព្រមតាមយោបល់របស់ទ្រង់សិរិមតៈ ដែលឲ្យធ្វើគត់សម្តេចសីហនុ ទីពីរ លោក លន់ ណុល បានទុកម៉ាស៊ីនចាស់ រថយន្តលោកនៅដដែល គ្រាន់តែលោកឡើងមកជាអ្នកបើកបរថ្មីម្នាក់តែប៉ុណ្ណោះ ពោលគឺអ្នកដែលគំាទ្រសម្តេចសីហនុ នៅទាំងអស់ក្នុងស្នូល និងប្រព័ន្ធដឹកនាំរបស់លោក ទាំងផ្នែករដ្ឋបាល ទាំងផ្នែកកងទ័ព។ អ្នកទាំងនោះ បានខ្ទាស់កង់របបសាធារណរដ្ឋមិនឲ្យវិលទៅមុខផង និងមួយទៀតបានជួយជា កម្លាំងដល់សត្រូវសាធារណរដ្ឋខ្មែរ( ខ្មែរក្រហម និងសម្តេចសីហនុ) ផង។ ចាប់ពីនាយទាហានជាន់ខ្ពស់រហូតដល់ចៅហ្វាយខេត្តសុទ្ធតែបានជួយកងទ័ពរបស់សម្តេចសីហនុ(ខ្មែរក្រហម) សឹងតែទាំងអស់។ សូម្បីតែលលោក លន់ ណុន ជាប្អូនក៏បានដឹកគ្រាប់កាំភ្លើងទៅឲ្យខ្មែរក្រហមដែរ។ ក្នុងកំឡុងជាប់ដៃប្រុយុទ្ធគ្នានៅតំបន់ ទូលលៀប ពេលយ​ប់ លោក លន់ ណុន បានបញ្ជាឲ្យទាហានជំនិតដឹកគ្រាប់យកទៅឲ្យខ្មែរក្រហមនៅភ្នំប្រសិទ្ធ បាត់ដឹង ។ ឯលោក សេក សំអៀត អភិបាលខេត្តបាត់ដំបងជាជនពុករលួយម្នាក់ ក្នុងចំណោមពួកពុករលួយជាច្រើនទៀតរបស់រដ្ឋាភិបាលលោក លន់ ណុល ដោយបានផ្តល់គ្រាប់រំសេវ និងគ្រឿងសាស្រ្តាវុធទៅឲ្យពួកខ្មែរក្រហម។
ក្នុងខែមេសា ឆ្នំា ១៩៧៤ ពេលដែលប្អូនថ្លៃ លោក ដៀបសៀង បានចាប់ខោអាវបួនបាវ ស្បែកជើង ៤បាវ និងប្រា់ក់៣៧ ម៉ឺនរៀល នៅត្រង់ភូមិទូលក្រសំាង ២ គម តាមផ្លូវទៅកំពង់គល់ លោក សេក សំអៀត បានហៅអ្នកចាប់ មកស្តីបន្ទោសថា៖ ហេតុអ្វីបានជាពួកឯងចាប់ពួកគេ? គឺពួកគេដែលឲ្យពួកឯងសុខ ការនេះគឺខ្ញុំបានធ្វើមកជាយូរយារណាស់មកហើយ ព្រោះពួកគេច្បាំងតែមួយសន្ទុះទេ និងចូលមករួបរួមជាមួយយើងហើយ។
លោក ស្មិក យ៉េ សព្វថ្ងៃរស់នៅក្រុងតាខូម៉ា បានឲ្យការណ៍ថា ធ្លាប់បានដឹងពីរឿងលោក សេក សំអៀត ដឹកកាំភ្លើង គ្រាប់ទាំងឡាន ទាហានម្តងៗ ខ្ទង់ពី ៨ ទៅ ១០ ឡានជារៀងរាល់ខែនាំឲ្យខ្មែរក្រហមតាមផ្លូវពីស៊ីសុផុន ទៅសៀមរាប។ កាលនោះ ស្មិក យ៉េ នាយទាហាននៅ បន្ទាយព្រៃជ្រូក ក្រឡាញ់កំពង់ថ្កូវ សៀមរាប។
កូនទាហានពីរនាក់អត់មិនបានក៏សួរថា ៖ ហេតុអ្វីបានជាគេដឹកនំាកំាភ្លើងគ្រាប់ចូលទៅតំបន់ខ្មាំងយ់ាងនេះ បើទាហានកំពុងតែខ្វះគ្រាប់នោះ ? ។ កូនទាហានពីរនាក់នោះ ត្រូវមេបញ្ជាការ ឈ្មោះ ម៉ា អូន យកទៅសម្លាប់ចោលទៅ ( ១៩៧០ ៧១) ។
លោក គឹម អេង គូរុនដេត ជានាយការិយាល័យទី២ ផ្នែកយកការណ៍សម្ងាត់ ជារណុកក្នុងរបស់ខ្មែរក្រហមនិងសម្តេចសីហនុ បានផ្តល់ការសម្ងាត់ទាំងអស់ទៅយួនយៀកកុង និងខ្មែរក្រហម។ ហេតុនេះហើយ ទើបគ្រប់ប្រតិបត្តិការ សឹកនានាមានចេនឡាទី១ ចេនឡាទី២ ត្រូវបរាជ័យរហូត។ លោក គឹម អេង គូរុនដេត សព្វថ្ងៃ ១៩៩០ នេះរស់នៅ ក្នុងជួរខ្មែរក្រហមឯជាយដែនខ្មែរ ថៃ។
ក្នុងជួរកងទ័ពសឹងតែគ្រប់កងឯកភាពមានការលួចបំបាត់ចំនួន កូនទាហាន មេបញ្ជាការកឹបយកប្រាក់ខែកូនទាហានខ្មោចធ្វើជាសម្បត្តិផ្ទាល់ខ្លួន។
មេបញ្ជាការមកដេកជាមួយប្រពន្ធចុងឯក្រុងបាត់ដំបងបាត់ៗ ចោលកូនទាហាននៅឯប៉ុស្តិ ឬបន្ទាយហើយត្រូវសត្រូវយួន ខ្មែរក្រហម វាយកម្ទេចគ្មានសល់។
កងទ័ពគ្មានវិន័យទាល់តែសោះ ខ្លះទៅប្លន់ អុកឡុកហាងទំនិញ បរិភោគបាយឬគុយទាវមិនឲ្យប្រាក់ ជាដើម ខ្លះទៀត ចាប់កូនស្រី កូនក្រមុំគេទាំងថ្ងៃ ដាក់ឡានរំលោភរួចយកទៅលក់ឲ្យបនស្រីពេស្យាទៀត។
២. បើនិយាយពីរឿងពុករលួយវិញ ខ្លាំងជាសម័យសម្តេចសីហនុ មួយជា ដប់ដង។ ចៅហ្វាយខេត្តចូលទុនជាមួយក្រុមហ៊ុនចិន នាំចូលរបស់រត់ពន្ធដឹកទាំងទូ រទេះភ្លើង។ ប៉ុស្តិកុងត្រុលត្រួតពិនិត្យនីមួយៗត្រូវរកលុយឲ្យនាយទាហានចៅហ្វាយ។
ក្នុងសម័យប្រឡងមធ្យមសិក្សាបឋមភូមិ( Diplome) មធ្យមសិក្សាបត្រភាគទី១ មធ្យមសិក្សាបត្រទី២ នៅចុងឆ្នំា ១៩៧០ ១៩៧១ ជាគម្រូអាក្រក់ដល់បុគ្គលិកសិក្សា។ ចៅហ្វាយខេត្តបានផ្ញើកូនស្រីឲ្យនាយមធ្យមសិក្សា ជួយយ៉ាងណាឲ្យតែបានជាប់ទាហានស្ពាយកំាភ្លើងចូលទៅប្រឡង ហើយបើកតាមចិត្ត។ បុគ្គលិកគយ គិញសូកលុយប្រធានគណមេប្រយោគ ដើម្បីបានជាប់ និងបានឡើងបុណ្យសក្តិ។ រឿងមួយដែលខ្ញុំចាំមិនភ្លេចនោះ គឺសម័យប្រឡងមធ្យមសិក្សាបត្រភាគទី២ ក្នុងឆ្នំា ១៩៧២ នៅក្រុងបាត់ដំបង។ សិស្សម្នាក់ជាកូននាយទាហាននៅបាត់ដំបង ប្រហែលជាគេអាងថា បានសូកប្រធានគណមេប្រយោគរួចហើយ ទើបគេបានចម្លើយគណិតសាស្រ្តទាំងអស់មកចម្លងដាក់ បណ្តោយ ។ ខ្ញុំក៏ចាប់សិស្សនោះ មេប្រយោគពីរនាក់ទៀតក្នុងសាលប្រឡងនោះក៏ត្រូវចុះហត្ថលេខាលើវិញ្ញាសាររបស់បេក្ខជននោះ ភ្ជាប់ជាមួយឯកសារចាប់វិញ្ញាសារនោះ និងត្រូវបានពិន្ទុសូន្យ( តាមច្បាប់បើមានភស្តុតាង ហើយបើវិញ្ញាសារណាមួយបានសូន្យនោះ គេមិនបូកពិន្ទុទេ)។ តែគេបានត្រូវរ៉ូវគ្នាជាមួយប្រធានគណមេប្រយោគ និងអ្នកកាត់ក្បាលក្រដាសបេក្ខជនដាក់លេខសម្ងាត់ គេក៏ដាក់ក្រដាសបេក្ខជនដែលធ្វើល្អត្រឹមត្រូវល្អឥតខ្ចោះជំនួស ដកឯកសារចាប់ក្រវាត់ចោល។ បេក្ខជននោះ ក៏បានជាប់សញ្ញាបត្រមធ្យមសិក្សាភាគទី២ទៅ។ ក្រោយមកខ្ញុំបានដឹងថា គេចំណាយអស់ជាងសាមសិបម៉ឺនរៀល។ នេះហើយជាគម្រូដែលជម្រុញឲ្យក្រសួងអប់រំជាតិ ចាប់ពុករលួយដែរ ចាប់ពីឆ្នំា ១៩៧២ មក។
តាំងពីសម័យសម្តេចសីហនុមកដល់ឆ្នំា ១៩៧០ ១៩៧១ បុគ្គលិកសិក្សានៅស្អាតស្អំណាស់ ដែលពួករាជការឬរដ្ឋការគ្រប់គ្រងក្រសួង និងនាយទុននាំគ្នាហៅថា នាម៉ឺនដីស ឬ ពួកប្រាក់ខែងាប់ ឬពួកពស់ព្រលិត។ ស្ថានការសង្រ្គាមធ្វើមិនឲ្យគ្រូប្រាក់ខែងាប់រស់កើត បូករួម និងគំហើញអំពើតាំងពីសម័យសម្តេចសីហនុ បូករួមនិងគំហើញអំពើពុករលួយគ្រប់ក្រសួងនានាផង ហើយពួកគេទាំងនោះរស់បានស្រួលនោះ ពួកបុគ្គលិកសិក្សាក៏ចាប់ស៊ីសំណូកចេញមុខតែម្តងដែរ ខ្លះទៀតបាននិយាយថា បើវាដូច្នោះទៅហើយនោះ គួរនាំគ្នាជួយរុញឲ្យរបបសាធារណរដ្ឋនេះ ទម្លាក់ទឹកបណ្តោយទៅ ព្រោះវាអស់ផ្លូវកែហើយ លក្ខន្តិកៈលើស្តូបសាធារណរដ្ឋមុខអតីតរាជវាំង ត្រូវគេបំភ្លេចចោល បោះបង់ក្នុងភក់ជ្រាំ។ ឯពួកគ្រូដែលមាននិន្នាការក្រហម បានធ្វើឲ្យលេចឮក្នុងចំណោមគ្រូមធ្យមសិក្សាថា ពួកពុករលួយអស់នេះ មើលទៅ គ្មានផ្លូវកែទាល់តែសោះមានតែផ្លូវម្យ៉ាង គឺសម្លាប់ចោល។ ថែមពីលើនេះ សិស្សវិទ្យាល័យ ជាពិសេសនៅក្រុងភ្នំពេញ ភាគច្រើនជាកូននាយទាហានគ្មានគោរពវិន័យសាលាទាល់តែសោះ យកកាំភ្លើងចូលបន្ទប់រៀន ដាល់គ្រូ ច្រឡោមខាម ដូចជាក្រុម ចោរជាដើម។
រឿងពុករលួយដែលធ្វើឲ្យពួកសាស្រ្តាចារ្យចាំមិនភ្លេចនោះ គឺការកាត់យក ៣០ % លើប្រាក់ខែរបស់គ្រូម្នាក់ៗ បើពុំដូច្នោះទេ ពួករតនាគារមិនព្រមធ្វើឡើយ គេពន្យល់ទុកឲ្យយូរ ដោយយកលេសថា ថវិការគ្មានត្រូវចាំបួនឬប្រាំឆ្នំាតទៀត។ សូមជម្រាបថា សាស្រ្តាចារ្យមធ្យមសិក្សាបឋមភូមិមានប្រាក់ខែ ៨.៥០០រៀល ( កាលនោះមាស ១ តម្លឹងថ្លៃ ៣.០០០រៀល)។ បើបង្រៀងនៅបឋមភូមិ(ថ្នាក់ទី៦ ទៅទី ៣ ទំនើប) ត្រូវបង្រៀន ១៨ ម ក្នុងមួយសប្តាហ៍ បើលើសពីនេះ គឺជាម៉ោងបន្ថែមដែលត្រូវទទួលកម្រៃ ១៦០រៀល ក្នុង ១ ម៉ោង។ បើបង្រៀននៅទុតិយភូមិ(ថ្នាក់ទី២ ទៅថ្នាក់ទីបញ្ចប់) នោះត្រូវបង្រៀនតែ ១៦ ម៉ោងក្នុងមួយសប្តាហ៍ លើសពីនេះ គឺម៉ោងបន្ថែមត្រូវបានកម្រៃ ១៨០ រៀលក្នុង ១ម បើជាសាស្រ្តាចារ្យទុតិយភូមិ(បរិញ្ញាបត្រ) វិញ (ប្រាក់ខែ ១០.០០០រៀល) នោះត្រូវបានកម្រៃប្រាក់ថែមម៉ោង ៥០០រៀល ក្នុងមួយម៉ោង។ តាមច្បាប់សាស្រ្តាចារ្យម្នាក់ៗ អាចមានម៉ោងបន្ថែមនេះ ចំនួន ៧ម កន្លះទេក្នុងមួយអាទិត្យ បើលើសពីនេះ ត្រូវបង្រៀនទទេ ដោយគ្មានកម្រៃ។ ពួកគ្រូប្រាក់ខែងាប់បានធូរធារមួយកម្រិតក៏ដោយសារតែប្រាក់ម៉ៅងបន្ថែមនេះ ហើយត្រូវពួករតនាគារកាត់យក ៣០ភាគរយទាំងអយុត្តិធម៌ដែលធ្វើឲ្យអ្នកខ្លះមានគំនិតក្រហមឡើង។ សាស្រ្តាចារ្យសិក្សាបឋមភូមិម្នាក់ៗត្រូវបានកម្រៃប្រាក់ម៉ោងនេះ ចំនួនពីរបីទៅប្រាំពាន់រៀលក្នុងមួយខែ តាមបង្រៀនតិច ឬច្រើនម៉ោង។ ក្នុងការធ្វើប្រាក់ម៉ោងនេះ ពួករតនាគារគេតថ្លៃជាមួយនាយគណនេយ្យ ខាងបុគ្គលិកសិក្សា។ នាយគណនេយ្យយកមកពិភាក្សាជាមួយនាយយកខេត្តខាងមធ្យមសិក្សាជាមួយចាងហ្វាយវិទ្យាល័យ។ ចាយហ្វាយវិទ្យាល័យបើកប្រជុំសូមយោបល់ភាគច្រើនពីពួកសាស្រ្តាចារ្យក្នុងការតថ្លៃនេះ។ ប្រាក់ម៉ោងនោះ គេបើកមកគ្រប់តាមបញ្ជឺត្រឹមត្រូវ តែក្នុងបញ្ជីងងឹតវិញ នាយគណនេយ្យខាងបុគ្គលិកសិក្សាកាត់យកប្រាក់ ៣០ ភាគរយប្រគល់ក្រោមតុទៅពួករតនាការ គេចែកចាយគ្នាគេ។ តើហេតុអ្វីបានជាគេត្រូវធ្វើបែបនេះ ព្រោះនេះ ជាមុខងារភារកិច្ចរបស់ពួកគេសោះនោះ? ។ រឿងនេះហើយដែលបណ្តាលជាបុព្វហេតុ ក្តៅក្រហាយ ចំពោះពួកសាស្រ្តាចារ្យ។ ប្រព័ន្ធរដ្ឋបាលគ្រប់ផ្នែក ពុករលួយរហូតចិនផ្សារ ឬកូនចៅចិននៅបាត់ដំបងគេនិយាយថា ៖ ( គេមិនឲ្យកូនទៅគ្រូប្រាក់ខែងាប់ទេ គេសុខចិត្តលើកឲ្យប៉ូលីសប្រាក់ខែ ២.០០០ រៀលប្រសើរជាង) ឯចៅហ្វាយខេត្តប្រាក់ខែ ៧.០០០រៀល ហេតុអ្វីក៏មានហ៊ឺហាម្ល៉េះ បានលុយមកពីណា? ។
៣. នយោបាយចិត្តសាស្រ្តគ្មានយកមកប្រើទាល់តែសោះ អ្នកដែលទៅសិក្សាវិជ្ជានេះពីកូរ៉េខាងត្បូងគ្រាន់តែមានៗ ប៉ុណ្ណោះ ពួកស្នងការនយោបាយពាក់តែសក្តិលម្អទីក្រុង សូត្រទ្រឹស្តីប្រឆាំងកុម្មុយនីស្តឲ្យទាល់តែសិស្ស និងគ្រូស្តាប់ តែនាយទាហាន អស់លោកចៅហ្វាយខេត្តមិនរវីរវល់អើពើឬធ្វើតាមគំនិត សង្រ្កាមចិត្តសាស្រ្តនៃពួកស្នងការនយោបាយទាល់តែសោះ ហើយថែមទាំងពួកគេមើលងាយថា ៖ ពួកស្នងការនយោបាយដែលភាគច្រើនជានាយទាហានអាស៊ីប៊ីឡេ( Arsimiles) នោះចេះមិនដល់ពួកគេជានាយទាហាន ដែលបានសិក្សាចេញមកពីសាលាយោធាខ្មែរ( EMK Ecole Mrlitare Khmere) ទាល់តែសោះ។ ផ្ទុយទៅវិញ ពួកមេខ្មែរក្រហមពុំដែលបានសិក្សាទ្រឹស្តីសាលាយោធាណាមួយទេ តែពួកនេះបានយកទ្រឹស្តីសង្រ្កាមទ័ពឆ្មក់មកអនុវត្តបានជោគជ័យមួយភាគរយ កាន់កាប់ជាម្ចាស់លានប្រយុទ្ធបាន ឯពួកអតីតសិស្សសាលាយោធាបែរជាមកអនុវត្តទ្រឹស្តីសង្រ្គាមតាំងពីសម័យអាណានិគម ប្រមូលផ្តុំនៅតែក្នុងបន្ទាយ ទុកខាងក្រៅឲ្យខ្មាំងធ្វើសកម្មភាពបាន ១០០% ជាពិសេសនៅពេលយប់ ពួកខ្មែរក្រហមបានអនុវត្តសង្រ្កាមចិត្តសាស្រ្តនេះខ្លាំងណាស់ ហើយបានជោគជ័យជាទីពេញចិត្តរបស់គេ។ គេឃោសនា ធ្វើវិន្ធង្សនា បង្កវិច្ឆេទកម្មឲ្យផ្ទៃក្នុងសាធារណរដ្ឋច្របុកច្របល់ ប្រជាជនលែងមានជំនឿលើរដ្ឋការ លោក លន់ ណុល ហើយនឹកសសើរស្រឡាញ់ពួកខ្មែរក្រហមថា ល្អ ត្រឹមត្រូវ មិនលួចប្លន់អ្នកស្រុក ( បើពួកគេបេះផ្លែម្ទេស១ គេដាក់លុយនៅលើដើមម្ទេចនោះ) សសើរថា ពេទ្យបដិវត្តន៍ចេះចាក់ម្ពុលវិទ្យាសាស្រ្តតាមបែបចិន ពូកែសក្តិសិទ្ធិ មិនស៊ីសំណូក….។
កម្លាំងសាធារណរដ្ឋ ដែលត្រូវយកមកវាយខ្មំាងនោះ ត្រឡប់ជាយកមកកាប់ចាក់សម្លាប់តែគ្នាឯងផ្ទៃក្នុងទៅវិញ ( លោក លុន ណុល ដាក់គ្រាប់បែកប្រុងធ្វើឃាតលោក នាយករដ្ឋមន្រ្តី ស៊ីង ង៉ុកថាញ់ ធ្វើឃាតលោក សេង ស៊ុនថៃ ធ្វើឃាត​ថាច់ ជា និងបណ្ឌិតកែវ សំាងគឹម សម្លាប់លោក អុំ សាវុធ...)។ ពួកក្រុមលោក លន់ ណុន ដោយខ្លាចក្រុម លោកស៊ឺង ង៉ុកថាញ់ ដណ្តើមអំណាចពីបងគាត់ លោក លន់ ណុល ក៏បំបែកកងទ័ពពិសេស កងទ័ពម៉ៃហ្វកខ្ទេចខ្ទីឲ្យខ្សោយលែងមានប្រសិទ្ធភាព។ កងវរសេនាណាដែលខ្លាំងដូចជា កងទាហានឆ័ត្រយោង កងទាហានអុំ សាវុធ ត្រូវក្រុមលោក លន់ ណុល បញ្ចូនឲ្យទៅវាយគ្រប់សមរភូមិរហូតស្លាប់អស់គ្មានសល់ រហូតលោក អុំ សាវុធ ក៏ត្រូវស្លាប់បាត់បង់ជីវិត និងស្នាដៃលោក លន់ ណុល ថែមទៀត គឺឃាតកម្មបានធ្វើបីថ្ងៃក្រោយដែលលោក អុំ សាវុធ បានទៅជួបលោក ស៊ឺង ង៉ុកថាញ់ ជាគម្រប់លើកទី៥ មក( ទទួលឱវាទប្រៀនប្រដៅ)។
គេមិនឲ្យគ្រាប់ ឬឲ្យរថយន្តដឹកទាហានទេ លុះណាតែមេបញ្ជាការសូកលុយទើបគេព្រមឲ្យ។ បើចង់បានយន្តហោះទៅទម្លាក់គ្រាប់បែក មេបញ្ជាការក៏ត្រូវតែសូកលុយដែរ បើមិនដូច្នោះទេ កងវរសេនានោះ ក៏ត្រូវខ្មែរក្រហមឬយួនខាងជើងវាយស្លាប់ខ្ទេចខ្ទីអស់ទៅ។
ខោអាវជាជំនួយអាមេរិក គេមិនបើកឲ្យ ទាហានគេទៅប្រទះឃើញទាំងគំនរលក់នៅតាមផ្សារនានាដូចជាផ្សារអូឡំាពិចជាដើម ។ បើបែរជាបើកឲ្យទាហានវិញ គឺមេបញ្ជាការនិងកាត់ប្រាក់ខែថ្លៃខោអាវនោះ។ ក្នុងឱកាសហែរក្បូនទទួលលោកអគ្គរដ្ឋទូតអាមេរិក ហ្គុនធ័រដៀន នៅបាត់ដំបងនោះ ទាហានដើរក្បូនស្លៀកខោអាវរហែក លោក ដៀន បានយកខ្សៀរលោកទៅគោះផ្កាយធ្វើពីមាសលើស្មាសេក សំអៀត ហើយមានប្រសាសន៍ថា ៖ ផ្កាយលោកធ្វើសុទ្ធតែពីមាស តែរាស្រ្តទាហានលោកអត់បាយ។
តើហេតុអ្វីបានជាពួកនាយទាហានសាធារណរដ្ឋខ្មែរជួយខ្មែរក្រហម?
ព្រោះ ៖
១. ពួកគេនាំគ្នាជឿតាមព្រះរាជបន្ទួលសម្តេចសីហនុ ដែលស្រែកក្តែងៗ ពីប៉េកាំងមកថា ឲ្យកូនចៅនាំគ្នារត់ចូលព្រៃ វាយកម្ចាត់ជនក្បត់ លន់ ណុល និងអាមេរិក។ ហេតុនេះ ហើយបានជាខ្មែរក្រហមអាចប្រមូលកងទ័ពបានយ៉ាងឆាប់រហ័ស ដោយបានរាជបន្ទួលសម្តេចសីហនុជួយស្រែកពីប៉េកាំងផង និងដោយទុនប្រជាប្រិយភាពសម្តេចសីហនុនៅខ្ពស់នៅឡើយក្នុងស្រទាប់ចិត្តគំនិតកសិករខ្មែរស្រុកស្រែចម្ការផង។
២. ពួកគេនៅតែមានជំនឿថា រហូតដល់សព្វថ្ងៃ ពួកអ្នកគំាទ្រសម្តេចសីហនុក៏នៅតែជឿដដែលទៅថ្ងៃមុខ សម្តេចសីហនុមុខជាដឹកនាំប្រទេសខ្មែរវិញ ជាមិនខាន។ ហេតុនេះហើយ ពួកគេជួយកងទ័ពសម្តេចសីហនុនៅពេលនេះ ( ១៩៧០ ១៩៧៥) ទៅថ្ងៃមុខ ពួកគេច្បាស់ជាបានបុណ្យសក្តិកាន់តែធំឡើងថែមទៀត នៅពេលដែលសម្តេចសីហនុ យាងមកកាន់កាប់អំណាចជាប្រមុខរដ្ឋខ្មែរវិញនោះ ។ ក្នុងគំនិតយល់ច្រឡំបែបនេះ ទើបពួកគេមិនយកចិត្តទុកដាក់សិក្សាពីខ្មែរក្រហមដល់បន្តិចសោះឡើយ។ ក្នុងជំនឿរបៀបនេះ ទើបបានជាលោក លន់ ណុល បានបញ្ជូនគ្រាប់កំាភ្លើងទៅឲ្យខ្មែរក្រហមដែរ។
បរាជ័យនៃរបបសាធារណរដ្ឋខ្មែរ គឺមានក៏ដោយសារតែលោក លន់ ណុល ផ្ទាល់តែម្តងដែលមានគំនិតខ្លី គឺមួយមិនព្រមធ្វើតាមគំនិតរបស់ទ្រង់សិរិមតៈដែលឲ្យធ្វើគតសម្តេចសីហនុ ដើម្បីការពារកុំឲ្យសម្តេច រត់ទៅចូលជាមួយខ្មំាង( ប្រហែលជា លោក លន់ ណុល ខ្លាចទឹកសម្បថ ដែលបារគូរយកព្រះខ័ន្ធរាជ្យកូរឲ្យផឹកហើយស្បថថា មិនក្បត់ធ្វើគតស្តេចឡើយ ព្រោះលោក លន់ ណុល ជឿលើមន្តអាគមអូមអាម ពាក្យសម្បថណាស់) ទីពីរគឺលោក លន់ ណុល មិនព្រមដកហូតពួកគាំទ្រសម្តេចសិហនុអោយអស់។ ថែមពីលើនេះទៀត តាំងពីលោក លន់ ណុល ក្លាយជាពិការស្លាប់ដៃជើងមក ថ្មីៗនេះមិនដូច លោក លន់ ណុល កាលមុនទេ។ ជាឧទាហរណ៍គ្រាន់តែប្រពន្ធថ្មីក្មេងបានកូនក៏អួតប្រាប់គេឯង ប្រកាសតាមវិទ្យុកោះហៅលោក អុំ សាវុធ ពីទីលានប្រយុទ្ធកំពុងខ្លាំងក្លាមកប្រាប់ដំណឹងមិនសមហេតុផលនេះ។ កាលខ្មែរក្រហមវាយភ្នំពេញខ្លាំងក្លានោះ លោក លន់ ណុល បានធ្វើសីមាដុំថ្ម រួចហើយឲ្យយន្តហោះយកទៅបោះទម្លាក់ជុំវិញទីក្រុងភ្នំពេញ ជាសីមាការពារកុំឲ្យពួកខ្មែរក្រហមចូលមកក្នុងក្រុងបាន។ លោក លន់ ណុល ឲ្យគ្រូស្លៀកពាក់ស ស្ពាយថង់យាមគ្រវាសបាចអង្ករនាំមុខកងទ័ពទៅវាយយួនខាងជើង វៀតកុង និងខ្មែរក្រហម ជាខ្មោចព្រាយបិសាច ជាសត្រូវអរូបិយដែលគាត់ជឿថា ត្រូវតែចុះចាញ់ ឥទ្ធិពលរបស់ពុទ្ធមន្តជាដាច់ខាត…។
អត្ថបទដកស្រង់ចេញពី ( សៀវភៅ ឃាតករជានរណា? របស់លោកសាស្រ្តាចារ្យ ហ៊ិន ស៊ីថាន) ទំព័រ ១៤៣ ៤៤ ៤៥ ៤៦) ។

សារមន្ទីរវាលពិឃាតបាចូវ

Traveling Beyond The Sterility Of Statistics
សារមន្ទីរវាលពិឃាតក្រុងបាចូវ

ការសម្លាប់រង្គាលនៅក្រុងបាចូវត្រូវបានអនុវត្តដោយកងទ័ពនៃកងទ័ពកម្ពុជាប្រជាធិបតេយ្យគឺខ្មែរក្រហមនៅថ្ងៃទី ១៨ ខែមេសាឆ្នាំ ១៩៧៧ នៅបាចូវខេត្តអានយ៉ាង(មាត់ជ្រូកកម្ពុជាក្រោម)ប្រទេសវៀតណាមខាងត្បូង។ ក្នុងចំណោមអ្នកដែលស្លាប់មានជនស៊ីវិល ៣.១៥៧ នាក់ត្រូវបានសម្លាប់។ មានតែពីរនាក់ប៉ុណ្ណោះដែលបានរួចជីវិតពីការសម្លាប់រង្គាល។ ការវាយប្រហារគឺជាព្រឹត្តិការណ៍មួយដែលបានជំរុញឱ្យមានការចូលលុកលុយរបស់វៀតណាមនៅកម្ពុជា។ ព្រឹត្តការណ៍នេះ ជាការលេសមួយដែលវៀតណាមអាចឈ្លានពានកម្ពុជាដោយចេញមុខបាន។ បន្ទាប់ពី មានការបះបោរក្បត់ពីសំណាក់មេដឹកនាំខ្មែរនៅបូព៌ាទិសនិងឧត្តរទិស ដោយមានសោ ភឹម បានធ្វើការដឹកនាំទ័ពសម្តៅក្រុងភ្នំពេញ ។ ក្រោយពីការចាប់សោ ភឹមបាន លោល ប៉ុល ពត ឬសាឡុត សរ បានបញ្ជាទ័ពឲ្យវាយសសម្រុកចូលទៅក្នុងទឹកដីវៀតណាម នៅពេលដែលដឹងថា វៀតណាមបានគំាទ្រដល់ចលនាបះបោរនេះ ។ យួនបានដឹងហេតុការណ៍ជាមុន ហើយក៏បានជម្លៀសប្រជាជនរបស់ចេញអស់ពីតំបន់ទាំងនោះ ចំណែកខ្មែរក្រោមដែលមានសញ្ជាតិជាខ្មែរនោះ គេមិនបានផ្តល់ដំណឹងឲ្យដឹងនោះទេ ។ កងទ័ពរបស់កម្ពុជាប្រជាធិបតេយ្យបានវាយសម្រុកសម្លាប់ភាគច្រើនជាពលរដ្ឋខ្មែរក្រោមតែប៉ុណ្ណោះ។ មុននិងកងទ័ពយួនចូលឈ្លានពានស្រុកខ្មែរ ប៉ុល ពតមិនអាចកាន់កាប់តំបន់ត្រើយខាងកើតទន្លេមេគង្គ ភូមិភាគបូព៌ាបានទេ ប្រជាជនមានការរំជើបរំជួល បះបោរស្លាប់រស់ជាមួយកងឈ្លប។ មានរឿងអ្នកខ្លាំងពូកែចេញជួយអ្នកស្រុក រឿងលោកតាសក់ស( ចារបុរសយួន) ចូលមកបង្កចលាចល ក្រុមទាហានខ្មែរក្រហម បើយោធាដេញតាមក៏គេចខ្លួនបាត់រកមិនឃើញឡើយ ឯខេត្តបាត់ដំបងមានពាក្យចចាមអារាមខ្សឹបខ្សួលតគ្នាពីមាត់មួយទៅមាត់មួយថា អ្នកមានបុណ្យជិតកើតហើយ ខ្លះទៀតថាកើតហើយ តែចេញតាមឆ្អឹងជំនីម្តាយមិនដូច មនុស្សសាមញ្ញ ធម្មតាទេ ខ្លះទៀតថា ពួកយោធាប្រុងសម្លាប់ទាំងម្តាយនិងកូនតែយោធានោះត្រូវស្លាប់ខ្លួនវិញ។ នេះជាសង្រ្គាមចិត្តសាស្រ្តពួកយួន ក្រុមដែលគាំទ្រដោយវៀតណាម មានលោក ហេង សំរិនជាប្រធាន បំផុសឲ្យខ្មែរដែលមានជំនឿរង់ចាំតែអ្នកមានបុណ្យមកជួយនោះឲ្យគំាទ្រពួកគេ។ ឯការសម្លាប់ប្រជាជនភូមិភាគឧត្តរនិងបូព៌ាទិស គឺធ្វើឡើងរបៀប សាហាវ ឃោរឃៅបំផុត ប៉ុល ពតបានបញ្ជាឲ្យសម្លាប់ចោលទាំងគ្រួសារ សូម្បីអ្នកដែលមិនដឹងរឿងអ្វី ក៏ត្រូវគេអូសយកទៅសម្លាប់ចោលដែរ ធ្វើតាមសុភាសិតចិនថា ( ជម្រះស្មៅត្រូវជម្រះទាំងឬស) ។ បន្ទាប់ពីមើលឃើញរដ្ឋាភិបាលកម្ពុជាប្រជាធិតេយ្យទន់ខ្សោយហើយរួមផ្សំនិងលេសដែលកងទ័ពខ្មែរចូលឈ្លានពានវៀតណាមផងនោះ ទើបវៀតណាមបានធ្វើការឈ្លានពានកម្ពុជាដោយចំហរតែម្តង ដែលមិនដល់ប៉ុន្មានម៉ោងផង ក៏យកបានក្រុងភ្នំពេញនៅថ្ងៃទី៧ មករា ឆ្នំា ១៩៧៩ ។ រួចមក វៀតណាមបានគ្រប់គ្រងស្រុកខ្មែរអស់រយៈពេលជាង ១០ ឆ្នំា ដែលបានបង្ខំឲ្យកម្ពុជាចុះសន្ធិសញ្ញាផ្សេងៗ ដើម្បីកាត់យកដែនសមុទ្រ និងដែនកោះរបស់ខ្មែរ មានដូចជា កោះសេះ និងកោះត្រល់ និងដែនសមុទ្រ ៣០០០០ គម២ របស់កម្ពុជា ។ បន្ទាប់ពីសន្ធិសញ្ញាទីក្រុងប៉ារីស សន្ធិសញ្ញាដែលកើតមានក្នុងពេលវៀតណាមគ្រប់គ្រងកម្ពុជាត្រូវចាត់ទុកជាអសារបង់។ តែផ្ទុយទៅវិញ វៀតណាមមិនបានទម្លាក់ចោលសន្ធិសញ្ញាទាំងអស់នោះទេ សន្ធិសញ្ញាទាំងត្រូវបានលាយព្រះហស្ថលេខាបំពេញបន្ថែម កាលពី​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៩​ ព្រះមហាក្សត្រ​កម្ពុជា​ សីហមុនីដែលស្តេចចុងក្រោយរបស់កម្ពុជា បាន​ប្រកាស​ឱ្យ​ប្រើ​សន្ធិសញ្ញា​បំពេញបន្ថែម​ស្ដីពី​បង្គោលព្រំ​ដែន​ដែល​កម្ពុជា​បាន​បោះ​រួច​ចំនួន​ ៨៤​% ជាមួយ​ភាគី​វៀតណាម​។ ការចុះសន្ធិសញ្ញាបានធ្វើឲ្យកម្ពុជាបាត់បង់ដែនទឹកនិងកោះរបស់ខ្លួនជាច្រើនទៅប្រទេសវៀតណាមដែលផ្ទុយពីសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ប៉ុន្តែ អ្វីដែលយើងមើលឃើញគឺគ្មានដំណោះស្រាយសម្រាប់កម្ពុជាឡើយ ព្រោះរដ្ឋាភិបាលខ្មែរ ជាអ្នកប្រព្រិត្តខុសដោយខ្លួន ដូច្នេះ គ្មានបរទេសណាអាចលុកដៃក្នុងរឿងនេះបានឡើយ។

លោក ហ៊ុន សែន និង ឯកឧត្តមង្វៀន សួនហ៊្វុក
លោក ហ៊ុន សែន និង ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណ​​រដ្ឋសង្គមនិយមវៀតណាម ក្នុងសន្និសីទ​ និងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

គំនិតខ្លាចនយោបាយ

Bun Chanmol - New Naratif - New Naratif
ប៊ុណ្ណ ចន្ទម៉ុល ( ១៩១៦ ដល់ ១៩៧៥)

មានថ្នាក់ដឹកនំាយើងខ្លះ ខ្លាចនយោបាយទាំងខ្លួនឯងកំពុងស្ថិតនៅរង្វង់នយោបាយ។ រដ្ឋការចាត់ឲ្យទៅកាន់ការនយោបាយ ដើម្បីជួយប្រទេសជាតិខ្លួន តែបែរទៅជានិយាយនឹងជនបរទេសនោះថា៖ ខ្ញុំស្អប់នយោបាយណាស់ ខ្ញុំសុំតែរស់ទេ ខ្ញុំមិនចេះធ្វើនយោបាយទេ!។

          ស្តាប់ចុះ! បើមានមនុស្សរបៀបហ្នឹងច្រើននាក់ប្រទេសជាតិមុខជានឹងពិបាកពុំខាន។ គួរឆ្ងល់! បើថា ខ្លាចនយោបាយហើយ ម្តេចឡើយក៏ទៅស្ម័គ្រសុំគេទៅនៅធ្វើការត្រង់កន្លែងដែលគេកំពុងធ្វើនយោបាយ?

          នេះហើយចរិកខ្មែរ! ដែលចង់តែធំ តែមិនចេះដឹងមុខងាររបស់ខ្លួនថា ត្រូវធ្វើអ្វី? ។ ឬមួយយល់ថា កន្លែងនោះជា កន្លែងខ្លាញ់ស្រួលអញប្រមូលដុល្លារយកមកធ្វើមានបាន?

ឱ! បើគិតបែបនេះ ខ្ញុំសូមអង្វរចុះ ព្រោះរបររកស៊ីសម្រាប់មានបាននោះ មានគគោក ចេញទៅរកស៊ីទៅ កុំលេងយកកន្លែងដែលគេត្រូវធ្វើនយោបាយ មកធ្វើជាកន្លែងជំនួញ នោះមិនល្អទេ! អាចនឹងក្លាយទៅជាចម្ប៉ារសាត់ដូចចក កូនចៅរកស្រុកនៅនឹងគេគ្មាន។ ដូច្នេះ យើងគួរបណ្តុះស្មារតី ជាអ្នកនយោបាយគ្រប់ៗគ្នា ឲ្យគម្រូដល់កូនចៅយើងតៗទៅមុខទៀត កុំឲ្យខ្លាចនយោបាយ ឲ្យស្រឡាញ់នយោបាយ ស្រឡាញ់ស្រុកទេស កសាងស្រុកទេសដោយខ្លួនឯង ប្រកបដោយស្មារតីទទួលខុសត្រូវនិងមនសិការជាតិ។ មិនចាំបាច់ពឹងនរណាឲ្យមកដើរនយោបាយជួសកសាងស្រុកទេសជួសនោះទេ! គ្មានបរទេសណា មានចិត្តល្អ ចង់ជួយដើរនយោបាយជួសខ្មែរ កសាងស្រុកឲ្យខ្មែរ ជួសខ្មែរនោះទេ! បើថា ចង់យកផលប្រយោជន៍ពីខ្មែរនោះ វាមែន!

          រឿងបរទេសនេះ ចាស់ទុំបុរាណយើងបានចងក្រងជាសុភាសិតថា ៖

( កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្តម៍ កុំទុកចិត្តអភិប្រាយ។ ពីរឃ្លាខាងក្រោយទាក់ទងនឹងរឿងផ្សេង ឯឃ្លាទីមួយខាងដើម គឺលោកចង់ប្រដៅយើងយ់ាងច្បាស់ថា ឲ្យយើងប្រយ័ត្នឲ្យណាស់ ចំពោះជនបរទេសនេះ ពីព្រោះគ្មានបរទេសណាស្មោះត្រង់នឹងយើងសោះឡើយ។

បរទេសណាដែលជួយយើង ដែលហុចភស្តុតាងថា គេពិតជាស្មោះត្រង់នោះ ក៏ព្រោះតែប្រយោជន៍គេពិតជាត្រូវបានពីយើងនេះទៅដែរ​ ឬយ៉ាងហោចណាស់ ប្រយោជន៍យើងនិងគេវា ស្របគ្នា គេត្រូវតែរួមគ្នានឹងយើងទៅ។

គំនិតលួចយកយោបល់គេ

cambod king 1947 - ABC News (Australian Broadcasting Corporation)
សម្តេចនរោត្តមសីហនុ យ៉ាងចូលរួមកម្មវិធីអ៊ុំទូកនៅខែវិច្ឆិកា ១៩៤៧

មានជនជាតិខ្មែរយើងខ្លះ ចូលចិត្តយកយោបល់របស់អ្នកដទៃ មកធ្វើជាយោបល់របស់ខ្លួនឯងផ្ទាល់ ជាហេតុនាំឲ្យអ្នកបញ្ចេញយោបល់លែងចង់បញ្ចេញយោបល់របស់ខ្លួនតទៅទៀត។ បញ្ចេញធ្វើអ្វី ? បើប្រធាន បើមិត្តនោះ យលយោបល់ខ្លួនទៅធ្វើជាយោបល់របស់គេទៅហើយ។ ដូចយ៉ាង ឈ្មោះ ម៉ី បានជូនយោបល់នៅពេលអង្គប្រជុំធំ ហើយអង្គប្រជុំបានយល់ស្របទាំងស្រុង។ ដល់ពេលសម្រេចស្រាប់តែបាត់ឈ្មោះ ម៉ី ទៅជាចេញឈ្មោះ សុក្រ សៅរ៍ឯណោះទៅវិញ ។

កាលជំនាន់ចាស់ , សម្តេចសីហនុតែងតែស្ទង់យោបល់នៅអង្គប្រជុំរាល់ពេល ហើយចម្រាញ់យកយោបល់ណា ៤ ឬ ៥ ដែលល្អៗមកស្រែកថា ៖ បើតាមយោបល់របស់ខ្ញុំ គួរតែធ្វើយ់ាងនេះ ធ្វើយ់ាងនោះ។ ត្រង់ថា បើធ្វើតាមលោកនេះ លោកនោះ ឬធ្វើតាមយោបល់របស់លោកនេះ លោកនោះ ដែលគាត់សរសេរក្នុងសៀវភៅនេះ នោះ ជាហេតុនាំឲ្យ ម្ចាស់យោបល់គ្នាពេញចិត្តផងនោះ ឥតថាទេ តើនរណានឹងជួយយោបល់ល្អៗទៀត?

គំនិតលួចយោបល់គេនេះ ល្មមអស់លោកខ្លះផ្លាស់ចេញហើយ ។

គំនិតមានតែអញ

ប្រវត្តិសា្រស្តជាតិខ្ញុំ - Posts | Facebook

មានវរជនខ្លះ ដែលធ្វើជាប្រធានអង្គប្រជុំណាមួយសប្បាយណាស់នឹងនិយាយបែកជាអូរហូរជាស្ទឹង រហូតដល់ទៅជ្រុលរឿងខុសរបៀបវារៈទៅក៏មាន។ បញ្ចេញយោបល់មក សុទ្ធតែបញ្ជាក់ថា គិតនោះត្រឹមត្រូវហើយ យោបល់នោះល្អហើយ ឲ្យសមាជិកអង្គប្រជុំអនុម័តតាមចុះ។ កាលបើមានសមាជិកណាជំទាស់ឬសុំជូនយោបល់ខ្លះនោះ រមែងតែងតែមិនសប្បាយចិត្តសោះឡើយ ព្រោះម្លាប់អាត្មាឯងនោះ ចេះតែមើលងាយគេ ថាគេមិនកើតទេ គេមិនដល់ខ្លួនទេ គេល្ងង់ ឯខ្លួនវិញគឺជាអ្នកចេះដឹងជ្រៅជ្រះ ជាបញ្ញវន្ត ជាមនុស្សកំពូល គំនិតរបស់ខ្លួនជាគំនិតពេជ្រ គំនិតរបស់អ្នកដទៃ ជាគំនិតកាក មិនបានការ មិនត្រូវមកបញ្ចេញអ្វីទេ។

គំនិត(អញនិយម) នេះជាគំនិតផ្តាសហូសហេតុ ពីព្រោះគេឯទៀត ក៏ជាមនុស្សមានវិចារណញ្ញាណដែរ ធ្លាប់ត្រិះរិះរកហេតុផលក្នុងរឿងណាមួយដែរ គេចេះដឹងមួយបែប យើងចេះដឹងមួយបែប ត្រូវបញ្ចេញយោបល់ផង ដើម្បីរកលទ្ធផលល្អឲ្យអង្គប្រជុំឬសមាគម។ ពីព្រោះតាមធម្មតា សូម្បីអ្នកសិល្បៈដូចគ្នាក៏មិនអាចទទួលភារៈធ្វើការឲ្យបានសព្វគ្រប់តែម្នាក់ឯងបានទេ វាត្រូវតែអ្នករបាំពូកែខាងរាំ អ្នកគូរពូកែខាងគូរ អ្នកភ្លេងពូកែខាងភ្លេងមួយមុខៗ ពិសេសរៀងៗខ្លួន វាមិនមែនអ្នករបាំចេះរាំហើយចេះគូរ ចេះលេងភ្លេងសព្វគ្រប់នោះទេ ឬក៏អ្នកភ្លេងចេះទាំងគូរទាំងរាំរែកនោះទេ។ ម្នាក់ៗមានវិជ្ជាជីវ

ៈ ពិតប្រាកដតាមជំនាញរៀងខ្លួន។ យ៉ាងណាមិញ យើងជាប្រធាន យើងចេះដឹងតាមសមត្ថភាពយើង គេឯទៀត ក៏មានចំណេះដឹងអ្វីផ្សេងសម្រាប់និយាយឲ្យយើងស្តាប់ដែរ គួរតែយើងឲ្យគេនិយាយផង ស្តាប់ផង ព្រោះតាមសង្កេតមក ធម្មតាប្រធានអង្គប្រជុំច្រើនតែ យល់លើការទូទៅ ឯការកំប៉ិកកំប៉ុកនោះ គេសមនិងគេយល់គេដឹង។ នៅប្រទេសខ្មែរយើង ច្រើនតែអ្នកមានគម្រិះចេះដឹង មានសញ្ញាបត្រធំៗចេញមកពីបរទេស មកនាំឲ្យខូចរបៀបរៀបរយក្នុងសង្គមខ្មែរ ពីព្រោះតែលោកនិយាយនៅក្នុងពេលប្រជុំម្តងៗច្រើនតែអួតថា នៅអ៊ីរ៉ុបឬនៅអាស៊ីទ្វីប គេច្រើនតែប្រើរបៀបដូចលោកពន្យល់ជូននេះឯង ត្រង់ពិតឬមិនពិតស្រេចតែលោកដ៏មហិមានោះអធិប្បាយ រៀបរាប់តាមការយល់របស់បុគ្គលនោះទេ មិនមែនជាវិជ្ជាដែលបានរៀននោះយកមកពន្យល់នោះទេ គឺជាយោបល់ម្នាក់ៗទេតើ។​ប៉ុន្តែគ្នាដែលមានតម្រិះតិចតូចស្តូចស្តើងមិនហ៊ានជូនយោបល់ទេ ដោយខ្លាចអ្នកមានតម្រិះនោះ មើលងាយខ្លួន! នេះហើយចរិតខ្មែរសម័យសតវត្សទី២០ សម្គាល់មើលចុះអ្នកដែលបានដឹកនំាមុនៗកន្លងមកនេះ ច្រើនតែអាត្មានិយម មានតែអញ ទើបដឹកនំាប្រទេសជាតិទៅបាន គ្មានបណ្តុះចិត្តរួបរួមជួយពន្យល់ជូនយោបល់ ឃើញត្រូវហើយនាំគ្នាធ្វើតាមនោះទេ មានតិចណាស់ ច្រើនតែប្រជុំរួចចប់តែម្តង ត្រង់អនុវត្តទៅតាមនោះ សូន្យតែម្តង។ នេះហើយប្រជុំច្រើនបានការតិច ប្រទេសចម្រើនលូតលាស់ គេប្រជុំតិច ធ្វើការច្រើន ទើបទៅមុខបាន ។

          ហេតុនេះ យើងគួរអនុលោម ស្តាប់សម្លេង ស្តាប់យោបល់របស់សមាជិកទៀតខ្លះផង។ កុំអញនិយម

ដកស្រង់ចេញពីសៀវភៅអ្នកតស៊ូខ្មែរ៖ ប៊ុណ្ណចន្ធម៉ុល ក្រោមចំណងជើងថា ( ចរិកខ្មែរ) បោះពុម្ព ១៩៧៣

សង្រ្គាមដែលធ្វើឲ្យអាមេរិកចាញ់ទាំងមិនអស់ចិត្ត

1975: Victory in Vietnam | Communist Party of Britain Marxist-Leninist
ការដណ្តើមបានទីក្រុងព្រៃនគរ ១៩៧០

ក្នុងសង្រ្គាមនេះ យៀកកុងចំណេញទាំងលើឆាកអន្តរជាតិនិងសង្រ្គាមក្នុងស្រុក

នៅវេលាយប់ទីមួយ នៃថ្ងៃបុណ្យចូលឆ្នំាវៀតណាម, យៀកកុងទាំង១០០.០០០នាក់ បានវាយសម្រុកព្រមគ្នាទៅលើទីក្រុងធំ ៣៦, ទីក្រុងមធ្យម ៤៤ និង ភូមិ​ ៦៤, ហើយទិសដៅសំខាន់គឺក្រុងព្រៃនគរ។ សេនាធិការរដ្ឋាន អាមេរិកនៅព្រៃនគរ បញ្ជាក់ថា ពុំមានទីតាំងយោធាណាមួយនៅយួនខាងត្បូងបានគេចផុតពីការវាយប្រហារទេ។ សង្រ្គាមបានកែប្រែពីការប្រយុទ្ធគ្នា នៅក្នុងព្រៃមកជាការវាយប្រហារតាមទីក្រុង ក្នុងផ្ទះ ហើយសូម្បីតាមមន្ទីរ ពេទ្យ។ បុរស ស្រី្ត កូនក្មេង មនុស្សជរា ត្រូវបានសម្លាប់ចោលនៅលើគ្រែ ឬនៅកណ្តាលថ្នល់ ហើយទីក្រុងបានក្លាយជាអណ្តាតភ្លើង។ ចំណុចប្រាថ្នាសំខាន់របស់យៀកកុងនិងយួនខាងជើង គឺការវាយកម្ទេចស្ថានទូតអាមេរិក ដោយប្រើកងទត្តឃាតពិសេស។ មុនម៉ោង៣ភ្លឺ, កងអត្តឃាតពិសេស  ជាង ១០នាក់ បានទម្លាយកំផែងស្ថានទូត ដោយគ្រាប់រ៉ូកែត ហើយបានចូលទៅដល់ស្ថានទូតអាមេរិក។ ការប្រយុទ្ធគ្នាបានកើតឡើងនៅទីនោះ រហូតដល់ ម៉ោង ៩ កន្លះព្រឹក ដោយកងអត្តឃាតពិសេសយៀកកុងត្រូវស្លាប់ទាំងអស់ ចំណែកពលទាហានអាមេរិកត្រូវស្លាប់ ៤នាក់។ សកម្មភាពនេះ សម្តៅធ្វើឲ្យមហាជន អាមេរិក អស់ទឹកចិត្ត។

        នៅសហរដ្ឋអាមេរិកវិញ ប្រជារាស្រ្តអាមេរិក ១០.០០០.០០០នាក់ អាចមើលឆាកប្រយុទ្ធនេះ តាមវិទ្យុ ទូរទស្សន៍ ដោយការផ្សាយបន្តផ្ទាល់ ជាពិសេសរបស់ក្រុម អេ ប៉ី ស៊ី ញ្ញូវស៍ ដែលមានវុលទើ ខនកាយត៍ អ្នកយកពត៌មានអាមេរិកដ៏មានប្រជាប្រិយភាពបំផុត ជាអ្នកអធិប្បាយពីយួនខាងត្បូង។ ក្នុងការវាយសម្រុកនៅបុណ្យចូលឆ្នំានេះ, កងទ័ពយួនខាងត្បូងនិងអាមេរិក បានសម្លាប់ពលទាហានយៀកកុងនិងយួនខាងជើង​៤៥.០០០នាក់និងចាប់បានជាឈ្លើយ ៦.០០០នាក់។ ពិតមែនហើយថា យ៉ ង្វៀង យ៉ាប់​ បានបង្កកំហុសធ្ងន់ខាងវិស័យយោធា តែផ្ទុយទៅវិញ យ៉ាប់ បានទទួលជោគជ័យធំក្នុងមជ្ឍដ្ឋាននៃនយោបាយអន្តរជាតិ ដែលភាគច្រើនតែង យល់ថា អាមេរិកជាអ្នកឈ្លានពាន កាប់សម្លាប់ប្រជារាស្រ្តស្លូតត្រង់ ផ្ទុយពីគំនិតអាមេរិកដែលថា ទៅជួយស្រោចស្រង់យួនខាងត្បូងឲ្យរួចពីកណ្តាប់ដៃ កុម្មុយនីស្ត។

ព្រមពេលជាមួយគ្នា, នៅកម្ពុជា ដោយទើបនិងភ្ញាក់ខ្លួនពីការតាំងនៅ របស់យៀកកុងក្នុងដែនដីខ្មែរ និងអំពីវិទ្ធង្សនានៃពួកម៉ៅនិយមនៅភ្នំពេញ ដែលសម្តេចសីហនុ ហៀបតែនឹងផ្តាច់ចំណងទូតពីប៉េកំាង ព្រមទាំងពីការ ចាប់ផ្តើមវាយប្រហាររបស់ខ្មែរក្រហមផង។​ កម្ពុជាបានងាកទៅរកការចង សម្ព័ន្ធភាពជាមួយអាមេរិកឡើងវិញ ។ ក្នុងខែមករា ១៩៦៨ អគ្គរដ្ឋទូត អាមេរិកប្រចាំនៅឥណ្ឌា ឆេស្ទើ បូលស៍ ត្រូវបានអញ្ចើញទៅក្រុងភ្នំពេញ។ ខ្លឹមសារនៃកិច្ចពិភាក្សារវាងបូលស៍ និងសម្តេចសីហនុគឺ ៖ ការអនុញ្ញាតឲ្យ កងទ័ពអាមេរិកនៅយួនខាងត្បូង ដេញតាមរកយ៉ាងសកម្មនូវកងទ័ព យៀកកុងក្នុងដែនដីខ្មែរ។ ប៉ុន្តែ, នយោបាយអាមេរិក​ត្រូវប្រែប្រូលផ្សេងស្រឡះ ដោយសារការវាយសម្រុកនៅបុណ្យចូលឆ្នំាយួននេះ។

ពេលត្រឡប់ ទៅដល់សហរដ្ឋអាមេរិកវិញ នៅថ្ងៃទី២៧កុម្ភៈ ១៩៦៨, វ៉ល ទើ ខនកាយត៍ តាមវិទ្យុ ទូរទស្សន៍ អេ ប៉ី ស៊ី ញ្ញូវស៍ បានឡើងថ្លែង េយោបល់ផ្ទាល់ខ្លួនមួយដែលបានប៉ះទង្គិចទៅលើគំនិតស្រម៉ៃរបស់សហរដ្ឋអាមេរិក ដែលថា និងឈ្នះសង្រ្គាម៖ ចាប់ពេលនេះទៅ មានភាពទំនងថា ការពិតសោធន៍ដិតដាមដោយឈាម នៅយួនខាងត្បូងនឹងនំាទៅរកភាពទាល់ច្រក។ ការប្រឈមមុខនៅបុណ្យចូលឆ្នំាយួន អាចនំាទៅរកការចរចារ ឬ ការបង្កើនកម្រិតនៃង្រ្គាមដែលកាន់តែគួររន្ធត់។ ប៉ុន្ត ក្នុងនាមខ្ញុំជាអ្នកសារពត៌មាន ជាភាពជាក់ស្តែងថា មធ្យោបាយប្រសើរបំផុតគឺ ការចរចារ, មិនមែនក្នុងនាមជាអ្នកឈ្នះ ប៉ុន្តែ ក្នុងឋានៈជាប្រជាជាតិមួយប្រកបដោយកិត្តិយស ដែលបានសន្យា ដើម្បីការពារ លទ្ធិប្រជាធិបតេយ្យ នៅយួនខាងត្បូង។

បន្ទាប់ពីបានទស្សនានាទីផ្សាយរបស់ អេ ប៉ី ស៊ី ញូវស៍ , លីនដុន ជ្ហន សុន មិនទាន់បានបញ្ចេញប្រតិកម្មភ្លាមៗទេ ប៉ុន្តែ ជ្ហនសុន មានអារម្មណ៍ថា កំពង់ចាញ់សង្រ្គាម និងបាត់បង់ការគំាទ្រពីប្រជាជាតិ ព្រោះប្រជាប្រិយភាព ចុះនៅសល់ត្រឹមតែ៤០%។ ពាសពេញពិភពលោក ការវាយសម្រុក នៅបុណ្យចូលឆ្នំា បានអង្រួនទឹកចិត្តរបស់យុវជន ជាពិសេសខាងកុម្មុយនីស្ត ។ ប៉ុន្តែសំខាន់បំផុតគឺសភានិងប្រជារាស្រ្តអាមេរិកផ្ទាល់តែម្តង។ ពីរបីថ្ងៃបន្ទាប់ពីនាទីពត៌មានរបស់ខនកាយត៍ ឧត្តមសេនីយ វីល្លីយ៉ាម វ៉េស ម៉ឡែនដ៍ អគ្គបញ្ជាការនៃកងទ័ពអាមេរិកនៅយួនខាងត្បូង បានដាក់បង្ហាញ សេចក្តីរាយការណ៍ស្តីពីស្ថានភាពផ្នែកយោធានៅអាស៊ី ភាគអគ្នេយ៍ ជូន​ ប្រធានាធិតី ជ្ហនសុន ដោយស្នើររកការបន្ថែមពលទាហាន ២០០០.០០នាក់ ដើម្បីយកជ័យជម្នះផ្តាច់ព្រ័ត្រនៅចុងឆ្នំា ១៩៧០។

The civil rights and Vietnam protests changed America. Today, they ...
បាតុកម្មរបស់ប្រជាជនអាមេរិកប្រឆាំងនិង សង្រ្គាម

     

       

        ជ្ហនសុន រង់ចាំស្នើរយោបល់ពីអ្នកជំនាញការ។ ដូច្នេះ ជ្ហនសុន បានងាកទៅរកមេធាវី ដ៏ល្បីឡាញម្នាក់ នៅវ៉ាស៊ីនតោន ក្លាក៍ គ្លីហ្វដ៍ ដែលជា អ្នកប្រឆាំងយ៉ាងអង់អាចជាមួយសង្រ្គាម។ ក្នុងអង្គប្រជុំ នៅសេតវិមាន ក្រោមអបតីភាព របស់ជ្ហនសុន គ្លីហ្វដ៍ ចាប់ផ្តើមសួរទៅក្រុមប្រឹក្សា ពិសេសបំផុតរបស់ជ្ហនសុនថា៖ ការបន្ថែមពលទាហាន ២.០០.០០០នាក់ ជាការគ្រប់គ្រាន់ សម្រាប់យកឈ្នះសង្រ្គាមឬទ? ពួកទីប្រឹក្សា គ្មានសមត្ថភាពឆ្លើយ ដើម្បី។​ដូច្នេះ ប៉ុន្មានទៀតគ្រប់គ្រាន់? មិនដឹង។ តើ ក្នុងរយៈប៉ុន្មានទៀត ទើបអាចឈ្នះសង្រ្គាម? មិនដឹង។ តើសត្រូវ ប្រុងប្រៀប ដើម្បីចុះចាញ់ឬទេ? ប្រហែលជា សង្ឃឹមតិចណាស់។ ពួកនាយសេនាធិការនៃកងទ័ពអាមេរិក គ្មានសមត្ថភាពសម្រាប់រកលេសគ្រប់គ្រាន់ ដើម្បីបន្ថែមពលទាហាន។ ដូច្នេះ ផ្លូវដោះស្រាយងាយបំផុត គឺ ់រកសន្តិភាព ់ ហើយដកកងទ័ពអាមេរិកចេញពីយួនខាងត្បូង។

Infantry operation in Vietnam, 1970 | NZHistory, New Zealand ...
ទាហានអាមេរិកក្នុងបេសកកម្ម

        ពេលខ្លះប្រជាជានអាមេរិកព្យាយាមយកធុង ដែលមានឈាមសត្វ ដើម្បីយកទៅស្រោចលើរថយន្តរបស់ប្រធានាធិបតី ជ្ហន សុន៕ សង្គម អាមេរិក ដែលសម្បូរសប្បាយ ថ្កើនថ្កាន បានប្រែក្លាយជាស្ថានអពមង្គល, ដោយឃើញ យុវជន រាប់ពាន់នាក់ ដែលត្រឡប់មកពីយួនខាងត្បូងវិញ , ខ្វះដៃ ,ខ្វះជើង, ខ្វះភ្នែក ជាដើម។ ហើយសូម្បីតែបុគ្គលិក ក្នុងសេតវិមាន ក៏ប្រឆាំងនឹងសង្រ្គាមដែរ។ ប៉ុន្តែ តុម ជ្ហនសុន ឧបការីពិសេស របស់ប្រធានាធិបតី ជ្ហនសុន បញ្ជាក់ថា ៖ កាលពីតំណាច់ឆ្នំា ១៩៦៥ ប្រជាជន អាមេរិក ៦៥%​ គាំទ្រសង្រ្គាម ដើម្បីជួយយួនខាងត្បូងឲ្យផុតពីក្រញុំាកុម្មុយនីស្ត ហើយជាពិសេស ដើម្បីរារាំងឥទ្ធិពលរបស់សហភាពសូវៀតនៅអាស៊ីភាគអាគ្នេយ៍។ តាមទីក្រុងធំៗទាំងអស់ នៅសហរដ្ឋ ដែលគាំទ្រជាភាគរយបានកើនឡើងជាលំដាប់។ មានការសម្តែងបាតុកម្ម ដើម្បីគំាទ្រប្រធានាធិបតី ជ្ហនសុន ក្នុងការប្រឆាំងជាមួយកុម្មុយនីស្ត ដោយស្ម័្គគ្រចិត្ត ដើម្បីបន្ថែមពលទាហាន ទៅយួនខាងត្បូង។

        ដល់មកឥឡូវ ក្នុងរយៈពេលចុងក្រោយនៃអាណត្តិ ជ្ហនសុន ប្រមូលគំនិតទៅរកដំណោះស្រាយ ដោយសន្តិវិធី សម្រាប់បញ្ចប់សង្រ្គាមនៅយួនខាងត្បូង ហើយបានបញ្ជាឲ្យផ្អាកការទម្លាក់គ្រាប់បែកលើយួនខាងជើង នៅថ្ងៃទី១ វិច្ឆិការ ១៩៦៨។ ជ្ហនសុន ចាប់ផ្តើមរក កិច្ចចរចារ ការពិភាក្សា បានប្រព្រឹត្តទៅនៅក្រុងប៉ារីស៍ រវាងហង់រី គីហ្ស៉ីងហ្គ័រ ជាមួយឡេ ឌឹកថូ និង ង្វៀង ធីប៉ិញ ដើម្បីរកដំណោះស្រាយ ចំពោះសង្រ្គាមដែលកំពង់បន្តនៅឡើយ។

        ឧត្តមសេនីយ ក្លេតុន អាប្រ៊ាហាម អគ្គបញ្ជាការថ្មី នៃកងទ័ពអាមេរិក នៅយួនខាងត្បូង ដែលជំនួស ឧត្តមសេនីយ វីល្លីយ៉ាម វ៉េស​ ម៉ឡែន បានបញ្ចុះបញ្ចូលប្រធានាធិបតីថ្មី និចសុន អំពីអត្ថប្រយោជន៍ នៃការពង្រីកសង្រ្គាមមកកម្ពុជា ដើម្បីសម្រួលដល់វៀតណាមមូបនីយកម្មសង្រ្គាម រួចហើយដកកងទ័ព អាមេរិកចេញ។ គេត្រូវតែកម្ទេចមូលដ្ឋានជាបង្អែករបស់ យៀកកុងនៅក្នុងដែនដីខ្មែរ ហើយការប្រើកម្លាំងនេះ នឹងជម្រុញសត្រូវឲ្យរកសន្តិភាពក្នុងកិត្តិយស។ ក្នុងរយៈពេលមួយឆ្នំា ប្រហែលតាមការអនុញ្ញាតពីសម្តេចសីហនុ យន្តហោះ បេ ៥២ បានទម្លាក់គ្រាប់បែក ទម្ងន់ ១០០.០០០តោន ទៅលើតំបន់នៅតាមព្រំដែននៃកម្ពុជាមុនឆ្នំា១៩៧០។ ប៉ុន្តែ, គ្មានប្រសិទ្ធភាព ព្រោះកម្ពុជាបានក្លាយជារូងកណ្តៀររបស់យៀកកុងទៅហើយ ។ ដូច្នេះ គេត្រូវធ្វើ( ប្រត្តិបត្តិការតាមជើងគោក)។ គឺសេចក្តីតម្រូវ របស់ក្លេតុន អាប៊្រាហាម នេះហើយ ដែលបានជម្រុញ កម្មវិធី របស់និចសុន និងហង់រី គីហ្ស៊ីងហ្គ័រ ឲ្យបញ្ជាទៅក្រុមសេអ៊ី អា ដើម្បីរៀបចំរដ្ឋប្រហារសម្រាប់ទម្លាក់សម្តេចសីហនុ ក្នុងពេលដែលស្ថានភាពធ្ងន់ធ្ងរនៅកម្ពុជា កំពុងជម្រុញនាយករដ្ឋមន្រ្តី លន់ ណុល ឲ្យស្វែងរកជំនួយផ្នែកយោធា ពីសហរដ្ឋអាមេរិក សម្រាប់កម្ចាត់យៀកកុងនិងយួនខាងជើងពីទឹកដីខ្មែរ ។

        ក្រោយរដ្ឋប្រហារនៅឆ្នំា​១៩៧០ ការវាយលុកមក្នុងកម្ពុជានេះ កាន់តែធ្វើឲ្យពិភពលោកក្តៅក្រហាយ ហើយជាពិសេសនៅសហរដ្ឋអាមេរិក។ នៅដើមខែមេសា ១៩៧០ និស្សិត រាប់ពាន់នាក់បានបោះជម្រុំ ដើម្បីធ្វើបាតុកម្មនៅតាមមហាវិទ្យាល័យនិងសកលវិទ្យាល័យ។ ក្នុងថ្ងៃទី៤មេសា ១៩៧០ នៅសកលវិទ្យាល័យនៃក្រុង អូហាយ៉ូ ក្រុមនិស្សិត បានប៉ះទង្គិច ជាមួយកងសន្តិសុខ ដែលបណ្តាលឲ្យស្លាប់ ៤នាក់ និងរបួស ១៤នាក់ ។ ស្អែកឡើង និស្សិតប្រមាណ ១.៥០០.០០០០នាក់ បានធ្វើកូដកម្ម ហើយ ១០០.០០០នាក់ទៀត ធ្វើបាតុកម្មនៅក្រុងវ៉ាស៊ីនតោន ដើម្បីប្រឆាំងជាមួយអន្តរាគមន៍ផ្នែកយោធា អាមេរិកនៅកម្ពុជា។ ប៉ុន្តែ ប្រតិបត្តិការនៃកងទ័ពអាមេរិកនិងយួនខាងត្បូង នៅក្នុងដែនដីខ្មែរនេះ បានបំផុសភ័ស្តុតាងជាក់ស្តែងអំពីការឃុបឃិតរវាងរដ្ឋាភិបាលខ្មែរជាមួយយួនខាងជើង និងយៀកកុង។     

អត្ថបទដោយ ៖ សោម សេកកុមារ

Design a site like this with WordPress.com
Get started