
ចាប់ពីឆ្នំា ១៩៦០ មក សម្តេចសីហនុបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់មេដឹកនំាវៀតណាមនិងចិនប្រជាមានិត ព្រោះតែសម្តេចសីហនុមិនស្គាល់ខ្លួនលោកនិងមិនស្គាល់នរណាជាសត្រូវ នរណាជាមិត្តអោយបានច្បាស់លាស់។ តាមការពន្យុះរបស់មេដឹកនំាចិន ជូ អេងឡាយ សម្តេចសីហនុបានបញ្ឈប់ល្បែងឲ្យសហរដ្ឋអាមេរិកបន្តការកសាងផ្លូវក្នុងស្រុកខ្មែរតទៅទៀត ព្រោះមេដឹកនំាចិនបានបំភ័យសម្តេចថា ( អាមេរិកសង់ផ្លូវធំៗគឺមានបំណងងាយស្រួលចុះ យន្តហោះចម្បំាងដណ្តើមអំណាចពីទ្រង់) ។ នេះគឺយុទ្ធសាស្រ្តរបស់ចិននិងវៀតណាម ហូ ជីមិញ ដែលចង់ឲ្យទីជនបទស្រុកខ្មែរនៅដាច់ស្រឡះពីសង្គមដឹកនំា ពីការទាក់ទងជាមួយទីក្រុង ក្នុងគោលបំណងកុំឲ្យជនបទស្រុកខ្មែររីកចម្រើន បាន ដើម្បីទុកឱកាសអោយវៀតណាមនិងខ្មែរក្រហមងាយស្រួលក្នុងការធ្វើឃោសនាទាក់ទាញរាស្រ្តខ្មែរឲ្យស្រឡាញ់ទ្រឹស្តី ក្រហម ដូចដែលម៉ៅ សេទុងបានជោគជ័យក្នុងចំណោមប្រជារាស្រ្តចិនក្រីក្រនៅទីជនបទស្រែចម្ការ ឯស្រុកចិនពីមុន។
ដើម្បីផ្គាប់ចិត្តមេដឹកនំាចិននិងព្រមានសហរដ្ឋអាមេរិកផង សម្តេចសីហនុបានបញ្ជាលោក ឃឹម ទិត ដឹកនំាទាហានហ្លួងស្លៀកពាក់ស៊ីវិលចេញទៅប្រមូលសិស្សានុសិស្សពីគ្រប់វិទ្យាល័យរដ្ឋនិងឯកជនក្នុងក្រុង ( ជាពិសេសសិស្សពីវិទ្យាល័យចម្រើនវិជ្ជា កម្ពុជាបុត្រ) ទៅវាយស្ថានទូតអាមេរិក ស្ថានទូតអង្គគ្លេស ( ជិតវិមានឯករាជ្យ កាលនោះស្មេរដែលជាសិស្សថ្នាក់ទី៤ វិទ្យាល័យស៊ីសុវត្ថិបានតាមទៅ ហើយឈរមើលលើចិញ្ចើមវិថីព្រះនរោត្តមខាងលិច ឃើញសិស្សមួយក្រុមកំពង់រើកកាយហ្វិលកុនទម្លាក់ចោលតាមបង្អួចពីជាន់លើមកក្រោម) វាយបំផ្លាញទីចាត់ការទស្សនាវដ្តី លោកសេរីជាប់ខាងត្បូងវិទ្យាល័យស៊ីសុវត្ថិ) ក្នុង ១៩៦៣ ផ្តាច់ជំនួយមានចំណងរបស់អាមេរិក ហើយបង្កើតជំនួយឥតចំណងរបស់ចិន រុស្ស៊ីនិងប្រទេសកុម្មុយនីស្តដទៃវិញ ហើយដល់ឆ្នំា ១៩៦៥ សម្តេចក៏ផ្តាច់ចំណងទូតជាមួយសហរដ្ឋអាមេរិកទាំងស្រុងតែម្តង។
ការផ្តាច់ជំនួយសហរដ្ឋអាមេរិកធ្វើឲ្យសេដ្ឋកិច្ចខ្មែរស្ទះ មានវិបត្តិយ៉ាងធ្ងន់។ ថវិការជាតិត្រូវចុះឱនថយ ព្រោះចំណាយច្រើនជាងចំណូល ដោយប្រព័ន្ធដឹកនំាខ្មែរគ្មានប្រសិទ្ធភាព។ សម្បត្តិធម្មជាតិមានត្បូងកណ្តៀង ត្បូងទទឹម រាប់កោដដុល្លាររត់ពន្ធចេញតាមខេត្តច័ន្ធបុរីទៅ ហុងកុង រួចទៅស្វីស ក្រុមហ៊ុនច្នៃត្បូងស្វីសស្គាល់ថា ប៉ៃលិនស្ថិតនៅក្នុងទឹកដី ថៃ ហើយត្បូងកណ្តៀងប៉ៃលិនជាត្បូងជាប់លេខ១ ។ រដ្ឋមិនចេះរកប្រយោជន៍ហើយទុកភោគផលសមុទ្រឲ្យវៀតណាម និងឈ្មួញសៀមចូលមកកាន់កាប់ ដោយចៅហ្វាយខេត្ត មានលោក សេក សំអៀត ជាដើមហ៊ុនគ្នាជាមួយ លោក សុង សាក់ ជាមួយឈ្មួញសៀម។ ការដឹកនំាចេញជ័រកៅស៊ូនិងស្រូវមិនគ្រប់គ្រាន់ឡើយ។ ថែមពីលើវិបត្តិនេះទៀត តម្លៃជ័រកៅស៊ូត្រូវចុះថោកក្នុងផ្សារអន្តរជាតិទៀត។ សម្តេចសីហនុ ដោយជឿស្តាប់តាមគំនិតឆ្វេងនិយមនិងមេដឹកនំាចិន ក៏សម្រេចចិត្តធ្វើតូបនីយកម្មសហគ្រាសនានា ក្រុមហ៊ុនដឹកនំាទំនិញចេញចូល រោងចក្រឯកជន។ តែអ្នកកាន់ការពុករលួយ គ្មានមនសិការជាតិ គ្មានការអប់រំហ្វឹកហ្វឹនផ្នែកសេដ្ឋកិច្ច ហើយជំនួយពីស្រុកកុម្មុយនីស្តក៏មិនគ្រប់គ្រាន់និងគ្មានគុណភាពថែមទៀត។ លើសពីនេះទៀត អង្ករត្រូវចេញតាមផ្សារងងឹត ដោយចិនឈ្មោះ គួច អាន ហ៊ុនគ្នាជាមួយអ្នកម្នាង និងអ៊ុំ ម៉ាណូរិន នាយទាហានខ្លះ ប្រជាជនខ្លះនាំយកទៅលក់ឲ្យពួកវៀតកុងយកជាប្រាក់រៀលក្លែងក្លាយសុទ្ធសាធ មិនបានរូបិយបណ្ណអន្តរជាតិសោះ។
កំហុសនយោបាយដ៏ធ្ងន់ធ្ងរមួយ គឺការអនុញ្ញាតរបស់សម្តេចឲ្យវៀតកុងតាំងមូលដ្ឋានទ័ពនិងទីបញ្ជាការសឹកលើ ដីខ្មែរបានផ្តល់ផលអាក្រក់ច្រើនជាងល្អ។
ពួកវៀតកុងវៀតណាមខាងជើង បានបញ្ជាឲ្យប្រជាជនខ្មែរល់ើបះបោរទាមទារដីពីខ្មែរក្នុងខែ ឧសភា ឆ្នំា ១៩៦៨ និងបង្កើតគំាទ្រផ្គត់ផ្គង់អប់រំពួកខ្មែរក្រហមដែលមានទីតាំងនៅជិតៗមូលដ្ឋានគេ។
ការជួយយួនកុម្មុយនីស្តដែលសម្តេចសីហនុយល់ថា ជាមធ្យោបាយអាចបញ្ចៀសសង្រ្គាមនៅក្នុងស្រុកខ្មែរបាននោះ ត្រឡប់ជាហុចផលផ្ទុយទៅវិញ គឺទ្រង់បាននាំសង្រ្គាមឲ្យរាលដាលចូលមកក្នុងស្រុកខ្មែរទៅវិញសោះ។
សហរដ្ឋអាមេរិកសម្តេចកម្ទេចមូលដ្ឋានអគ្គបញ្ជាការយួនខាងជើងវៀតកុងក្នុងដែនដីខ្មែរ ព្រោះមានភស្តុតាង គ្រប់គ្រាន់ក្នុងការដែលរាជាណាចក្រកម្ពុជាបានជួយឲ្យជម្រកទាហានវៀតណាមខាងជើង វៀតកុង ជួយជញ្ចូនផ្តល់ អង្ករ សម្ភារសឹក ដែលយន្តហោះអាមេរិកថយបានជាច្រើននិងបានទាំងស្ទូចយកទាំងឡានដឹកអង្ករ ថ្នាំពេទ្យ សាស្រ្តាវុធទៅឲ្យវៀតកុងនោះផង។
សហរដ្ឋអាមេរិកបានប្រើយន្តហោះ បេ ៥២ ឲ្យទៅទម្លាក់គ្រាប់បែកតាមព្រំដែនខ្មែរ វៀតណាមខាងត្បូងហៅថា ប្រតិបត្តិការសឹកអាហារពេលព្រឹក ហើយបន្ថែមដោយ ប្រតិបត្តិការអាហារថ្ងៃត្រង់ ប្រតិបត្តិការអាហារពេលល្ងាច ជាបន្តហូរហែរ….។
យល់ដល់គ្រោះអាសន្នមកដល់ សម្តេចសីហនុក៏យល់ព្រមសុខចិត្តភ្ជាប់ចំណងទូតជាមួយសហរដ្ឋអាមេរិកវិញក្នុងខែ មិថុនា ឆ្នំា ១៩៦៩។
សម្តេច សីហនុ កាលនោះដោយទោនទន់ទៅតាមអ្នកម្នាង ដែលចង់ឲ្យសម្តេចសីហនុធ្វើពិធីរាជភិសេក( ដើម្បីខ្លួនបានឡើងជាអគ្គមហេសីពេញយស) និងហាក់ដូចជាចង់ដកខ្លួនពីនយោបាយមកសោយរាជ្យជាស្តេចវិញ ដោយគ្រប់ពិធីច្រត់ព្រះនង្គ័លសម្តេចចេញមុខទទួលធ្វើ និងយកអ្នកម្នាងចេញមុខឲ្យប្រជារាស្រ្តខ្មែរបានស្គាល់គ្រប់គ្នាផង ក្នុងពិធីនេះ នៅគ្រប់ខេត្តក្រុងក្នុងស្រុកខ្មែរ។
ដោយអស់ផ្លូវនិងដេញទ័ពវៀតកុង វៀតណាមខាងជើងឲ្យចេញពីស្រុកខ្មែរនោះ សម្តេចក៏រកលេសចេញទៅ ព្យាបាលជម្ងឺនៅឯស្រុកបារាំងនៅថ្ងៃទី ៦ខែ មករា ឆ្នំា ១៩៧០។ បើតាមពិតវិញនោះ គឺសម្តេចចេញទៅរកការអង្វរឲ្យ មេដឹកនាំចិន រុស្ស៊ីធ្វើសម្ពាធបង្ខំឲ្យកងទ័ពយួនកុម្មុយនីស្តចេញផុតពីដែនដីខ្មែរ ។ ប្រាកដណាស់ គឺនៅដើមឆ្នំា ១៩៧០ ដែលសម្តេចស្វែងយល់ថា ( សង្រ្គាមបានរាលដាលចូលមកក្នុងប្រទេសខ្មែរហើយៗទ្រង់បានបញ្ចេញកំហឹងជា សាធារណប្រឆាំង និងពួកវៀតកុង វៀតណាមខាងជើង។
ឆ្លៀតពេលនោះទ្រង់ សិរិមតៈ ដែលមានទំនាក់ទំនងរាជវង្សជាមួយសម្តេចសីហនុ ខឹងសម្បារ ក៏រួមដៃជម្រុញលោក លន់ ណុល ជាមិត្ត ដោយមានការគំាទ្រពីក្រុមលោក ស៊ីង ង៉ុកថាញ់ផង ឲ្យទម្លាក់សម្តេច ដោយបង្កើតឲ្យមានបាតុកម្ម ទាមទារឲ្យយួនវៀតកុង ដកចេញពីដែនដីខ្មែរ និងការវាយស្ថានទូតវៀតកុងនិង ស្ថានទូតវៀតណាមខាងជើង នៅក្រុងភ្នំពេញផង។
អត្ថបទ៖ សាស្រ្តាចារ្យ ហ៊ិន ស៊ីថាន
