
មានថ្នាក់ដឹកនំាយើងខ្លះ ខ្លាចនយោបាយទាំងខ្លួនឯងកំពុងស្ថិតនៅរង្វង់នយោបាយ។ រដ្ឋការចាត់ឲ្យទៅកាន់ការនយោបាយ ដើម្បីជួយប្រទេសជាតិខ្លួន តែបែរទៅជានិយាយនឹងជនបរទេសនោះថា៖ ខ្ញុំស្អប់នយោបាយណាស់ ខ្ញុំសុំតែរស់ទេ ខ្ញុំមិនចេះធ្វើនយោបាយទេ!។
ស្តាប់ចុះ! បើមានមនុស្សរបៀបហ្នឹងច្រើននាក់ប្រទេសជាតិមុខជានឹងពិបាកពុំខាន។ គួរឆ្ងល់! បើថា ខ្លាចនយោបាយហើយ ម្តេចឡើយក៏ទៅស្ម័គ្រសុំគេទៅនៅធ្វើការត្រង់កន្លែងដែលគេកំពុងធ្វើនយោបាយ?
នេះហើយចរិកខ្មែរ! ដែលចង់តែធំ តែមិនចេះដឹងមុខងាររបស់ខ្លួនថា ត្រូវធ្វើអ្វី? ។ ឬមួយយល់ថា កន្លែងនោះជា កន្លែងខ្លាញ់ស្រួលអញប្រមូលដុល្លារយកមកធ្វើមានបាន?
ឱ! បើគិតបែបនេះ ខ្ញុំសូមអង្វរចុះ ព្រោះរបររកស៊ីសម្រាប់មានបាននោះ មានគគោក ចេញទៅរកស៊ីទៅ កុំលេងយកកន្លែងដែលគេត្រូវធ្វើនយោបាយ មកធ្វើជាកន្លែងជំនួញ នោះមិនល្អទេ! អាចនឹងក្លាយទៅជាចម្ប៉ារសាត់ដូចចក កូនចៅរកស្រុកនៅនឹងគេគ្មាន។ ដូច្នេះ យើងគួរបណ្តុះស្មារតី ជាអ្នកនយោបាយគ្រប់ៗគ្នា ឲ្យគម្រូដល់កូនចៅយើងតៗទៅមុខទៀត កុំឲ្យខ្លាចនយោបាយ ឲ្យស្រឡាញ់នយោបាយ ស្រឡាញ់ស្រុកទេស កសាងស្រុកទេសដោយខ្លួនឯង ប្រកបដោយស្មារតីទទួលខុសត្រូវនិងមនសិការជាតិ។ មិនចាំបាច់ពឹងនរណាឲ្យមកដើរនយោបាយជួសកសាងស្រុកទេសជួសនោះទេ! គ្មានបរទេសណា មានចិត្តល្អ ចង់ជួយដើរនយោបាយជួសខ្មែរ កសាងស្រុកឲ្យខ្មែរ ជួសខ្មែរនោះទេ! បើថា ចង់យកផលប្រយោជន៍ពីខ្មែរនោះ វាមែន!
រឿងបរទេសនេះ ចាស់ទុំបុរាណយើងបានចងក្រងជាសុភាសិតថា ៖
( កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្តម៍ កុំទុកចិត្តអភិប្រាយ។ ពីរឃ្លាខាងក្រោយទាក់ទងនឹងរឿងផ្សេង ឯឃ្លាទីមួយខាងដើម គឺលោកចង់ប្រដៅយើងយ់ាងច្បាស់ថា ឲ្យយើងប្រយ័ត្នឲ្យណាស់ ចំពោះជនបរទេសនេះ ពីព្រោះគ្មានបរទេសណាស្មោះត្រង់នឹងយើងសោះឡើយ។
បរទេសណាដែលជួយយើង ដែលហុចភស្តុតាងថា គេពិតជាស្មោះត្រង់នោះ ក៏ព្រោះតែប្រយោជន៍គេពិតជាត្រូវបានពីយើងនេះទៅដែរ ឬយ៉ាងហោចណាស់ ប្រយោជន៍យើងនិងគេវា ស្របគ្នា គេត្រូវតែរួមគ្នានឹងយើងទៅ។
