គំនិតមានតែអញ

ប្រវត្តិសា្រស្តជាតិខ្ញុំ - Posts | Facebook

មានវរជនខ្លះ ដែលធ្វើជាប្រធានអង្គប្រជុំណាមួយសប្បាយណាស់នឹងនិយាយបែកជាអូរហូរជាស្ទឹង រហូតដល់ទៅជ្រុលរឿងខុសរបៀបវារៈទៅក៏មាន។ បញ្ចេញយោបល់មក សុទ្ធតែបញ្ជាក់ថា គិតនោះត្រឹមត្រូវហើយ យោបល់នោះល្អហើយ ឲ្យសមាជិកអង្គប្រជុំអនុម័តតាមចុះ។ កាលបើមានសមាជិកណាជំទាស់ឬសុំជូនយោបល់ខ្លះនោះ រមែងតែងតែមិនសប្បាយចិត្តសោះឡើយ ព្រោះម្លាប់អាត្មាឯងនោះ ចេះតែមើលងាយគេ ថាគេមិនកើតទេ គេមិនដល់ខ្លួនទេ គេល្ងង់ ឯខ្លួនវិញគឺជាអ្នកចេះដឹងជ្រៅជ្រះ ជាបញ្ញវន្ត ជាមនុស្សកំពូល គំនិតរបស់ខ្លួនជាគំនិតពេជ្រ គំនិតរបស់អ្នកដទៃ ជាគំនិតកាក មិនបានការ មិនត្រូវមកបញ្ចេញអ្វីទេ។

គំនិត(អញនិយម) នេះជាគំនិតផ្តាសហូសហេតុ ពីព្រោះគេឯទៀត ក៏ជាមនុស្សមានវិចារណញ្ញាណដែរ ធ្លាប់ត្រិះរិះរកហេតុផលក្នុងរឿងណាមួយដែរ គេចេះដឹងមួយបែប យើងចេះដឹងមួយបែប ត្រូវបញ្ចេញយោបល់ផង ដើម្បីរកលទ្ធផលល្អឲ្យអង្គប្រជុំឬសមាគម។ ពីព្រោះតាមធម្មតា សូម្បីអ្នកសិល្បៈដូចគ្នាក៏មិនអាចទទួលភារៈធ្វើការឲ្យបានសព្វគ្រប់តែម្នាក់ឯងបានទេ វាត្រូវតែអ្នករបាំពូកែខាងរាំ អ្នកគូរពូកែខាងគូរ អ្នកភ្លេងពូកែខាងភ្លេងមួយមុខៗ ពិសេសរៀងៗខ្លួន វាមិនមែនអ្នករបាំចេះរាំហើយចេះគូរ ចេះលេងភ្លេងសព្វគ្រប់នោះទេ ឬក៏អ្នកភ្លេងចេះទាំងគូរទាំងរាំរែកនោះទេ។ ម្នាក់ៗមានវិជ្ជាជីវ

ៈ ពិតប្រាកដតាមជំនាញរៀងខ្លួន។ យ៉ាងណាមិញ យើងជាប្រធាន យើងចេះដឹងតាមសមត្ថភាពយើង គេឯទៀត ក៏មានចំណេះដឹងអ្វីផ្សេងសម្រាប់និយាយឲ្យយើងស្តាប់ដែរ គួរតែយើងឲ្យគេនិយាយផង ស្តាប់ផង ព្រោះតាមសង្កេតមក ធម្មតាប្រធានអង្គប្រជុំច្រើនតែ យល់លើការទូទៅ ឯការកំប៉ិកកំប៉ុកនោះ គេសមនិងគេយល់គេដឹង។ នៅប្រទេសខ្មែរយើង ច្រើនតែអ្នកមានគម្រិះចេះដឹង មានសញ្ញាបត្រធំៗចេញមកពីបរទេស មកនាំឲ្យខូចរបៀបរៀបរយក្នុងសង្គមខ្មែរ ពីព្រោះតែលោកនិយាយនៅក្នុងពេលប្រជុំម្តងៗច្រើនតែអួតថា នៅអ៊ីរ៉ុបឬនៅអាស៊ីទ្វីប គេច្រើនតែប្រើរបៀបដូចលោកពន្យល់ជូននេះឯង ត្រង់ពិតឬមិនពិតស្រេចតែលោកដ៏មហិមានោះអធិប្បាយ រៀបរាប់តាមការយល់របស់បុគ្គលនោះទេ មិនមែនជាវិជ្ជាដែលបានរៀននោះយកមកពន្យល់នោះទេ គឺជាយោបល់ម្នាក់ៗទេតើ។​ប៉ុន្តែគ្នាដែលមានតម្រិះតិចតូចស្តូចស្តើងមិនហ៊ានជូនយោបល់ទេ ដោយខ្លាចអ្នកមានតម្រិះនោះ មើលងាយខ្លួន! នេះហើយចរិតខ្មែរសម័យសតវត្សទី២០ សម្គាល់មើលចុះអ្នកដែលបានដឹកនំាមុនៗកន្លងមកនេះ ច្រើនតែអាត្មានិយម មានតែអញ ទើបដឹកនំាប្រទេសជាតិទៅបាន គ្មានបណ្តុះចិត្តរួបរួមជួយពន្យល់ជូនយោបល់ ឃើញត្រូវហើយនាំគ្នាធ្វើតាមនោះទេ មានតិចណាស់ ច្រើនតែប្រជុំរួចចប់តែម្តង ត្រង់អនុវត្តទៅតាមនោះ សូន្យតែម្តង។ នេះហើយប្រជុំច្រើនបានការតិច ប្រទេសចម្រើនលូតលាស់ គេប្រជុំតិច ធ្វើការច្រើន ទើបទៅមុខបាន ។

          ហេតុនេះ យើងគួរអនុលោម ស្តាប់សម្លេង ស្តាប់យោបល់របស់សមាជិកទៀតខ្លះផង។ កុំអញនិយម

ដកស្រង់ចេញពីសៀវភៅអ្នកតស៊ូខ្មែរ៖ ប៊ុណ្ណចន្ធម៉ុល ក្រោមចំណងជើងថា ( ចរិកខ្មែរ) បោះពុម្ព ១៩៧៣

Published by ដំណើរកម្សាន្តកន្លែងប្រវត្តិសាស្រ្ត

This website talked about Cambodia history, This research aim to care about the culture, civilization main point of country.

Leave a comment

Design a site like this with WordPress.com
Get started