លទ្ធផលនៃផែនការហូជីមិញ

បុព្វហេតុនៃជ័យជម្នះរបស់ខ្មែរក្រហម និងការបរាជ័យរបស់របបសាធារណរដ្ឋខ្មែរ

លោក​ សាឡុត សរ ឬ ប៉ុល ពត តែងតែអួតថា ៖ ពួកខ្លួនវាយឈ្នះអាមេរិកកាំង និងរបបសាធារណរដ្ឋខ្មែរ ដោយសារតែនយោបាយដ៏ភ្លឺស្វាងរបស់អង្កការនិងកងទ័ពប្រដាប់អាវុធប្រជាជនកម្ពុជាដ៏ខ្លាំងក្លាមហាអស្ចារ្យ ដូចចម្រៀងមួយបទរបស់ខ្លួនថា ៖ នយោបាយរួមផ្សំអាវុធ ប្រសើរមុះមុតរបស់អង្គការ …។ តាមពិតជ័យជម្នះរបស់ពួកគេបានមកក៏ដោយសារតែយួន និងចិនទៅវិញទេ បើគ្មានជំនួយសម្ភារ៖សន្ធឹកសន្ធាប់ពីចិនប្រជាមានិតនិងជំនួយពីកងទ័ពយួនខាងជើង វៀតកុង ដែលវាយខ្មែរសាធារណរដ្ឋពីខែមេសា ១៩៧០ មកខែមិនា ១៩៧៣ ព្រមទាំងសភាសហរដ្ឋអាមេរិកសម្រេចឲ្យបញ្ឈប់លែងប្រើយន្តហោះ បេ ៥២ ទៅទម្លាក់គ្រាប់បែកលើដែនដីខ្មែរទៀតចាប់ពីឆ្នំា ១៩៧៣ ទេនោះ ខ្មែរក្រហមច្បាស់ជារកមិនឃើញជ័យជម្នះថ្ងៃទី ១៧ មេសា ១៩៧៥ នោះឡើយ។

ថែមពីនេះ មានកត្តាបីសំខាន់ៗធំ បានធ្វើអោយរបបសាធារណរដ្ឋខ្មែរដួលរលំ ដូចខាងក្រោម៖

ខ្មែរសាធារណរដ្ឋ ១. មានខ្មាំងផ្ទៃក្នុងចៅហ្វាយខេត្តភាគច្រើនដូចជា សៀក សំអៀត ជាពិសេសនាយការិយាល័យទី២ គីម អេង ធូរុនដេត ដែលផ្តល់ចំណុចខ្សោយក្រុមសាធារណរដ្ឋនិងការសម្ងាត់នៃប្រតិបត្តិការសឹកទៅខ្មែរក្រហម។ ២. ពុករលួយលើសជំនាន់សម្តេចសីហនុ ១ ជា ១០ ដង នាយទាហានលោក លន់ ណុល សង់វិទ្យា មានប្រពន្ធចុងរាប់សិប។ ៣. គ្មានប្រើនយោបាយចិត្តសាស្រ្ត នាយទាហានបម្រើខ្មំាង លក់ថ្នាំពេទ្យ គ្រាប់ ទៅឲ្យខ្មាំង។

ខ្មែរក្រហម
១.គ្មានខ្មាំងផ្ទៃក្នុង ប៉ុល ពត បានធ្វើការបោសសម្អាតសម្លាប់ពួកខ្មែរវៀតមិញ និងអ្នកគាំទ្រសម្តេចសីហនុ។
២. គ្មានអំពើពុករលួយ វិន័យដែកថែប គ្មានយោគយល់ គ្មានមនោសញ្ចេតនា( គ្មានបេះដូង)
៣. នយោបាយចិត្តសាស្រ្តខ្លំាង
នៅក្នុងជួរខ្មែរក្រហមអ្នកដែលគេអនុញ្ញាតឲ្យចូលជាបេក្ខជនបាននោះ លុះត្រាតែមានប្រវត្តិស្អាតស្អំ ហើយថែមទាំងបានបំពេញលក្ខខណ្ឌមួយចំនួនដែលអង្គការតម្រូវឲ្យធ្វើ។ អគ្គលេខាធិការបក្សកុម្មុយនីស្តខ្មែរ លោក សាឡុត សរ អាចក្តាប់ត្រួតត្រាបានលើក្រុមខ្មែរក្រហមទាំងមូល ដោយប្រើវិន័យដែកថែប និងអំណាចផ្តាច់ការវណ្ណៈអធន។ ផ្ទុយទៅវិញ លោក លន់ ណុល មិនអាចត្រួតត្រាឬក្តាប់អ្នកក្រោមបង្គាប់លោកឲ្យដូចពួកខ្មែរក្រហមសោះឡើយ។ ការទម្លាក់សម្តេច សីហនុ មិនចាត់ទុកថា ជាបដិវត្តន៍បានឡើយ គឺជាការដណ្តើមអំណាច ដោយគ្មានការបង្ហូរឈាមណាមួយឡើយ។ កំហុសដ៏ធំរបស់លោក លន់ ណុល គឺមិនយល់ព្រមតាមយោបល់របស់ទ្រង់សិរិមតៈ ដែលឲ្យធ្វើគត់សម្តេចសីហនុ ទីពីរ លោក លន់ ណុល បានទុកម៉ាស៊ីនចាស់ រថយន្តលោកនៅដដែល គ្រាន់តែលោកឡើងមកជាអ្នកបើកបរថ្មីម្នាក់តែប៉ុណ្ណោះ ពោលគឺអ្នកដែលគំាទ្រសម្តេចសីហនុ នៅទាំងអស់ក្នុងស្នូល និងប្រព័ន្ធដឹកនាំរបស់លោក ទាំងផ្នែករដ្ឋបាល ទាំងផ្នែកកងទ័ព។ អ្នកទាំងនោះ បានខ្ទាស់កង់របបសាធារណរដ្ឋមិនឲ្យវិលទៅមុខផង និងមួយទៀតបានជួយជា កម្លាំងដល់សត្រូវសាធារណរដ្ឋខ្មែរ( ខ្មែរក្រហម និងសម្តេចសីហនុ) ផង។ ចាប់ពីនាយទាហានជាន់ខ្ពស់រហូតដល់ចៅហ្វាយខេត្តសុទ្ធតែបានជួយកងទ័ពរបស់សម្តេចសីហនុ(ខ្មែរក្រហម) សឹងតែទាំងអស់។ សូម្បីតែលលោក លន់ ណុន ជាប្អូនក៏បានដឹកគ្រាប់កាំភ្លើងទៅឲ្យខ្មែរក្រហមដែរ។ ក្នុងកំឡុងជាប់ដៃប្រុយុទ្ធគ្នានៅតំបន់ ទូលលៀប ពេលយ​ប់ លោក លន់ ណុន បានបញ្ជាឲ្យទាហានជំនិតដឹកគ្រាប់យកទៅឲ្យខ្មែរក្រហមនៅភ្នំប្រសិទ្ធ បាត់ដឹង ។ ឯលោក សេក សំអៀត អភិបាលខេត្តបាត់ដំបងជាជនពុករលួយម្នាក់ ក្នុងចំណោមពួកពុករលួយជាច្រើនទៀតរបស់រដ្ឋាភិបាលលោក លន់ ណុល ដោយបានផ្តល់គ្រាប់រំសេវ និងគ្រឿងសាស្រ្តាវុធទៅឲ្យពួកខ្មែរក្រហម។
ក្នុងខែមេសា ឆ្នំា ១៩៧៤ ពេលដែលប្អូនថ្លៃ លោក ដៀបសៀង បានចាប់ខោអាវបួនបាវ ស្បែកជើង ៤បាវ និងប្រា់ក់៣៧ ម៉ឺនរៀល នៅត្រង់ភូមិទូលក្រសំាង ២ គម តាមផ្លូវទៅកំពង់គល់ លោក សេក សំអៀត បានហៅអ្នកចាប់ មកស្តីបន្ទោសថា៖ ហេតុអ្វីបានជាពួកឯងចាប់ពួកគេ? គឺពួកគេដែលឲ្យពួកឯងសុខ ការនេះគឺខ្ញុំបានធ្វើមកជាយូរយារណាស់មកហើយ ព្រោះពួកគេច្បាំងតែមួយសន្ទុះទេ និងចូលមករួបរួមជាមួយយើងហើយ។
លោក ស្មិក យ៉េ សព្វថ្ងៃរស់នៅក្រុងតាខូម៉ា បានឲ្យការណ៍ថា ធ្លាប់បានដឹងពីរឿងលោក សេក សំអៀត ដឹកកាំភ្លើង គ្រាប់ទាំងឡាន ទាហានម្តងៗ ខ្ទង់ពី ៨ ទៅ ១០ ឡានជារៀងរាល់ខែនាំឲ្យខ្មែរក្រហមតាមផ្លូវពីស៊ីសុផុន ទៅសៀមរាប។ កាលនោះ ស្មិក យ៉េ នាយទាហាននៅ បន្ទាយព្រៃជ្រូក ក្រឡាញ់កំពង់ថ្កូវ សៀមរាប។
កូនទាហានពីរនាក់អត់មិនបានក៏សួរថា ៖ ហេតុអ្វីបានជាគេដឹកនំាកំាភ្លើងគ្រាប់ចូលទៅតំបន់ខ្មាំងយ់ាងនេះ បើទាហានកំពុងតែខ្វះគ្រាប់នោះ ? ។ កូនទាហានពីរនាក់នោះ ត្រូវមេបញ្ជាការ ឈ្មោះ ម៉ា អូន យកទៅសម្លាប់ចោលទៅ ( ១៩៧០ ៧១) ។
លោក គឹម អេង គូរុនដេត ជានាយការិយាល័យទី២ ផ្នែកយកការណ៍សម្ងាត់ ជារណុកក្នុងរបស់ខ្មែរក្រហមនិងសម្តេចសីហនុ បានផ្តល់ការសម្ងាត់ទាំងអស់ទៅយួនយៀកកុង និងខ្មែរក្រហម។ ហេតុនេះហើយ ទើបគ្រប់ប្រតិបត្តិការ សឹកនានាមានចេនឡាទី១ ចេនឡាទី២ ត្រូវបរាជ័យរហូត។ លោក គឹម អេង គូរុនដេត សព្វថ្ងៃ ១៩៩០ នេះរស់នៅ ក្នុងជួរខ្មែរក្រហមឯជាយដែនខ្មែរ ថៃ។
ក្នុងជួរកងទ័ពសឹងតែគ្រប់កងឯកភាពមានការលួចបំបាត់ចំនួន កូនទាហាន មេបញ្ជាការកឹបយកប្រាក់ខែកូនទាហានខ្មោចធ្វើជាសម្បត្តិផ្ទាល់ខ្លួន។
មេបញ្ជាការមកដេកជាមួយប្រពន្ធចុងឯក្រុងបាត់ដំបងបាត់ៗ ចោលកូនទាហាននៅឯប៉ុស្តិ ឬបន្ទាយហើយត្រូវសត្រូវយួន ខ្មែរក្រហម វាយកម្ទេចគ្មានសល់។
កងទ័ពគ្មានវិន័យទាល់តែសោះ ខ្លះទៅប្លន់ អុកឡុកហាងទំនិញ បរិភោគបាយឬគុយទាវមិនឲ្យប្រាក់ ជាដើម ខ្លះទៀត ចាប់កូនស្រី កូនក្រមុំគេទាំងថ្ងៃ ដាក់ឡានរំលោភរួចយកទៅលក់ឲ្យបនស្រីពេស្យាទៀត។
២. បើនិយាយពីរឿងពុករលួយវិញ ខ្លាំងជាសម័យសម្តេចសីហនុ មួយជា ដប់ដង។ ចៅហ្វាយខេត្តចូលទុនជាមួយក្រុមហ៊ុនចិន នាំចូលរបស់រត់ពន្ធដឹកទាំងទូ រទេះភ្លើង។ ប៉ុស្តិកុងត្រុលត្រួតពិនិត្យនីមួយៗត្រូវរកលុយឲ្យនាយទាហានចៅហ្វាយ។
ក្នុងសម័យប្រឡងមធ្យមសិក្សាបឋមភូមិ( Diplome) មធ្យមសិក្សាបត្រភាគទី១ មធ្យមសិក្សាបត្រទី២ នៅចុងឆ្នំា ១៩៧០ ១៩៧១ ជាគម្រូអាក្រក់ដល់បុគ្គលិកសិក្សា។ ចៅហ្វាយខេត្តបានផ្ញើកូនស្រីឲ្យនាយមធ្យមសិក្សា ជួយយ៉ាងណាឲ្យតែបានជាប់ទាហានស្ពាយកំាភ្លើងចូលទៅប្រឡង ហើយបើកតាមចិត្ត។ បុគ្គលិកគយ គិញសូកលុយប្រធានគណមេប្រយោគ ដើម្បីបានជាប់ និងបានឡើងបុណ្យសក្តិ។ រឿងមួយដែលខ្ញុំចាំមិនភ្លេចនោះ គឺសម័យប្រឡងមធ្យមសិក្សាបត្រភាគទី២ ក្នុងឆ្នំា ១៩៧២ នៅក្រុងបាត់ដំបង។ សិស្សម្នាក់ជាកូននាយទាហាននៅបាត់ដំបង ប្រហែលជាគេអាងថា បានសូកប្រធានគណមេប្រយោគរួចហើយ ទើបគេបានចម្លើយគណិតសាស្រ្តទាំងអស់មកចម្លងដាក់ បណ្តោយ ។ ខ្ញុំក៏ចាប់សិស្សនោះ មេប្រយោគពីរនាក់ទៀតក្នុងសាលប្រឡងនោះក៏ត្រូវចុះហត្ថលេខាលើវិញ្ញាសាររបស់បេក្ខជននោះ ភ្ជាប់ជាមួយឯកសារចាប់វិញ្ញាសារនោះ និងត្រូវបានពិន្ទុសូន្យ( តាមច្បាប់បើមានភស្តុតាង ហើយបើវិញ្ញាសារណាមួយបានសូន្យនោះ គេមិនបូកពិន្ទុទេ)។ តែគេបានត្រូវរ៉ូវគ្នាជាមួយប្រធានគណមេប្រយោគ និងអ្នកកាត់ក្បាលក្រដាសបេក្ខជនដាក់លេខសម្ងាត់ គេក៏ដាក់ក្រដាសបេក្ខជនដែលធ្វើល្អត្រឹមត្រូវល្អឥតខ្ចោះជំនួស ដកឯកសារចាប់ក្រវាត់ចោល។ បេក្ខជននោះ ក៏បានជាប់សញ្ញាបត្រមធ្យមសិក្សាភាគទី២ទៅ។ ក្រោយមកខ្ញុំបានដឹងថា គេចំណាយអស់ជាងសាមសិបម៉ឺនរៀល។ នេះហើយជាគម្រូដែលជម្រុញឲ្យក្រសួងអប់រំជាតិ ចាប់ពុករលួយដែរ ចាប់ពីឆ្នំា ១៩៧២ មក។
តាំងពីសម័យសម្តេចសីហនុមកដល់ឆ្នំា ១៩៧០ ១៩៧១ បុគ្គលិកសិក្សានៅស្អាតស្អំណាស់ ដែលពួករាជការឬរដ្ឋការគ្រប់គ្រងក្រសួង និងនាយទុននាំគ្នាហៅថា នាម៉ឺនដីស ឬ ពួកប្រាក់ខែងាប់ ឬពួកពស់ព្រលិត។ ស្ថានការសង្រ្គាមធ្វើមិនឲ្យគ្រូប្រាក់ខែងាប់រស់កើត បូករួម និងគំហើញអំពើតាំងពីសម័យសម្តេចសីហនុ បូករួមនិងគំហើញអំពើពុករលួយគ្រប់ក្រសួងនានាផង ហើយពួកគេទាំងនោះរស់បានស្រួលនោះ ពួកបុគ្គលិកសិក្សាក៏ចាប់ស៊ីសំណូកចេញមុខតែម្តងដែរ ខ្លះទៀតបាននិយាយថា បើវាដូច្នោះទៅហើយនោះ គួរនាំគ្នាជួយរុញឲ្យរបបសាធារណរដ្ឋនេះ ទម្លាក់ទឹកបណ្តោយទៅ ព្រោះវាអស់ផ្លូវកែហើយ លក្ខន្តិកៈលើស្តូបសាធារណរដ្ឋមុខអតីតរាជវាំង ត្រូវគេបំភ្លេចចោល បោះបង់ក្នុងភក់ជ្រាំ។ ឯពួកគ្រូដែលមាននិន្នាការក្រហម បានធ្វើឲ្យលេចឮក្នុងចំណោមគ្រូមធ្យមសិក្សាថា ពួកពុករលួយអស់នេះ មើលទៅ គ្មានផ្លូវកែទាល់តែសោះមានតែផ្លូវម្យ៉ាង គឺសម្លាប់ចោល។ ថែមពីលើនេះ សិស្សវិទ្យាល័យ ជាពិសេសនៅក្រុងភ្នំពេញ ភាគច្រើនជាកូននាយទាហានគ្មានគោរពវិន័យសាលាទាល់តែសោះ យកកាំភ្លើងចូលបន្ទប់រៀន ដាល់គ្រូ ច្រឡោមខាម ដូចជាក្រុម ចោរជាដើម។
រឿងពុករលួយដែលធ្វើឲ្យពួកសាស្រ្តាចារ្យចាំមិនភ្លេចនោះ គឺការកាត់យក ៣០ % លើប្រាក់ខែរបស់គ្រូម្នាក់ៗ បើពុំដូច្នោះទេ ពួករតនាគារមិនព្រមធ្វើឡើយ គេពន្យល់ទុកឲ្យយូរ ដោយយកលេសថា ថវិការគ្មានត្រូវចាំបួនឬប្រាំឆ្នំាតទៀត។ សូមជម្រាបថា សាស្រ្តាចារ្យមធ្យមសិក្សាបឋមភូមិមានប្រាក់ខែ ៨.៥០០រៀល ( កាលនោះមាស ១ តម្លឹងថ្លៃ ៣.០០០រៀល)។ បើបង្រៀងនៅបឋមភូមិ(ថ្នាក់ទី៦ ទៅទី ៣ ទំនើប) ត្រូវបង្រៀន ១៨ ម ក្នុងមួយសប្តាហ៍ បើលើសពីនេះ គឺជាម៉ោងបន្ថែមដែលត្រូវទទួលកម្រៃ ១៦០រៀល ក្នុង ១ ម៉ោង។ បើបង្រៀននៅទុតិយភូមិ(ថ្នាក់ទី២ ទៅថ្នាក់ទីបញ្ចប់) នោះត្រូវបង្រៀនតែ ១៦ ម៉ោងក្នុងមួយសប្តាហ៍ លើសពីនេះ គឺម៉ោងបន្ថែមត្រូវបានកម្រៃ ១៨០ រៀលក្នុង ១ម បើជាសាស្រ្តាចារ្យទុតិយភូមិ(បរិញ្ញាបត្រ) វិញ (ប្រាក់ខែ ១០.០០០រៀល) នោះត្រូវបានកម្រៃប្រាក់ថែមម៉ោង ៥០០រៀល ក្នុងមួយម៉ោង។ តាមច្បាប់សាស្រ្តាចារ្យម្នាក់ៗ អាចមានម៉ោងបន្ថែមនេះ ចំនួន ៧ម កន្លះទេក្នុងមួយអាទិត្យ បើលើសពីនេះ ត្រូវបង្រៀនទទេ ដោយគ្មានកម្រៃ។ ពួកគ្រូប្រាក់ខែងាប់បានធូរធារមួយកម្រិតក៏ដោយសារតែប្រាក់ម៉ៅងបន្ថែមនេះ ហើយត្រូវពួករតនាគារកាត់យក ៣០ភាគរយទាំងអយុត្តិធម៌ដែលធ្វើឲ្យអ្នកខ្លះមានគំនិតក្រហមឡើង។ សាស្រ្តាចារ្យសិក្សាបឋមភូមិម្នាក់ៗត្រូវបានកម្រៃប្រាក់ម៉ោងនេះ ចំនួនពីរបីទៅប្រាំពាន់រៀលក្នុងមួយខែ តាមបង្រៀនតិច ឬច្រើនម៉ោង។ ក្នុងការធ្វើប្រាក់ម៉ោងនេះ ពួករតនាគារគេតថ្លៃជាមួយនាយគណនេយ្យ ខាងបុគ្គលិកសិក្សា។ នាយគណនេយ្យយកមកពិភាក្សាជាមួយនាយយកខេត្តខាងមធ្យមសិក្សាជាមួយចាងហ្វាយវិទ្យាល័យ។ ចាយហ្វាយវិទ្យាល័យបើកប្រជុំសូមយោបល់ភាគច្រើនពីពួកសាស្រ្តាចារ្យក្នុងការតថ្លៃនេះ។ ប្រាក់ម៉ោងនោះ គេបើកមកគ្រប់តាមបញ្ជឺត្រឹមត្រូវ តែក្នុងបញ្ជីងងឹតវិញ នាយគណនេយ្យខាងបុគ្គលិកសិក្សាកាត់យកប្រាក់ ៣០ ភាគរយប្រគល់ក្រោមតុទៅពួករតនាការ គេចែកចាយគ្នាគេ។ តើហេតុអ្វីបានជាគេត្រូវធ្វើបែបនេះ ព្រោះនេះ ជាមុខងារភារកិច្ចរបស់ពួកគេសោះនោះ? ។ រឿងនេះហើយដែលបណ្តាលជាបុព្វហេតុ ក្តៅក្រហាយ ចំពោះពួកសាស្រ្តាចារ្យ។ ប្រព័ន្ធរដ្ឋបាលគ្រប់ផ្នែក ពុករលួយរហូតចិនផ្សារ ឬកូនចៅចិននៅបាត់ដំបងគេនិយាយថា ៖ ( គេមិនឲ្យកូនទៅគ្រូប្រាក់ខែងាប់ទេ គេសុខចិត្តលើកឲ្យប៉ូលីសប្រាក់ខែ ២.០០០ រៀលប្រសើរជាង) ឯចៅហ្វាយខេត្តប្រាក់ខែ ៧.០០០រៀល ហេតុអ្វីក៏មានហ៊ឺហាម្ល៉េះ បានលុយមកពីណា? ។
៣. នយោបាយចិត្តសាស្រ្តគ្មានយកមកប្រើទាល់តែសោះ អ្នកដែលទៅសិក្សាវិជ្ជានេះពីកូរ៉េខាងត្បូងគ្រាន់តែមានៗ ប៉ុណ្ណោះ ពួកស្នងការនយោបាយពាក់តែសក្តិលម្អទីក្រុង សូត្រទ្រឹស្តីប្រឆាំងកុម្មុយនីស្តឲ្យទាល់តែសិស្ស និងគ្រូស្តាប់ តែនាយទាហាន អស់លោកចៅហ្វាយខេត្តមិនរវីរវល់អើពើឬធ្វើតាមគំនិត សង្រ្កាមចិត្តសាស្រ្តនៃពួកស្នងការនយោបាយទាល់តែសោះ ហើយថែមទាំងពួកគេមើលងាយថា ៖ ពួកស្នងការនយោបាយដែលភាគច្រើនជានាយទាហានអាស៊ីប៊ីឡេ( Arsimiles) នោះចេះមិនដល់ពួកគេជានាយទាហាន ដែលបានសិក្សាចេញមកពីសាលាយោធាខ្មែរ( EMK Ecole Mrlitare Khmere) ទាល់តែសោះ។ ផ្ទុយទៅវិញ ពួកមេខ្មែរក្រហមពុំដែលបានសិក្សាទ្រឹស្តីសាលាយោធាណាមួយទេ តែពួកនេះបានយកទ្រឹស្តីសង្រ្កាមទ័ពឆ្មក់មកអនុវត្តបានជោគជ័យមួយភាគរយ កាន់កាប់ជាម្ចាស់លានប្រយុទ្ធបាន ឯពួកអតីតសិស្សសាលាយោធាបែរជាមកអនុវត្តទ្រឹស្តីសង្រ្គាមតាំងពីសម័យអាណានិគម ប្រមូលផ្តុំនៅតែក្នុងបន្ទាយ ទុកខាងក្រៅឲ្យខ្មាំងធ្វើសកម្មភាពបាន ១០០% ជាពិសេសនៅពេលយប់ ពួកខ្មែរក្រហមបានអនុវត្តសង្រ្កាមចិត្តសាស្រ្តនេះខ្លាំងណាស់ ហើយបានជោគជ័យជាទីពេញចិត្តរបស់គេ។ គេឃោសនា ធ្វើវិន្ធង្សនា បង្កវិច្ឆេទកម្មឲ្យផ្ទៃក្នុងសាធារណរដ្ឋច្របុកច្របល់ ប្រជាជនលែងមានជំនឿលើរដ្ឋការ លោក លន់ ណុល ហើយនឹកសសើរស្រឡាញ់ពួកខ្មែរក្រហមថា ល្អ ត្រឹមត្រូវ មិនលួចប្លន់អ្នកស្រុក ( បើពួកគេបេះផ្លែម្ទេស១ គេដាក់លុយនៅលើដើមម្ទេចនោះ) សសើរថា ពេទ្យបដិវត្តន៍ចេះចាក់ម្ពុលវិទ្យាសាស្រ្តតាមបែបចិន ពូកែសក្តិសិទ្ធិ មិនស៊ីសំណូក….។
កម្លាំងសាធារណរដ្ឋ ដែលត្រូវយកមកវាយខ្មំាងនោះ ត្រឡប់ជាយកមកកាប់ចាក់សម្លាប់តែគ្នាឯងផ្ទៃក្នុងទៅវិញ ( លោក លុន ណុល ដាក់គ្រាប់បែកប្រុងធ្វើឃាតលោក នាយករដ្ឋមន្រ្តី ស៊ីង ង៉ុកថាញ់ ធ្វើឃាតលោក សេង ស៊ុនថៃ ធ្វើឃាត​ថាច់ ជា និងបណ្ឌិតកែវ សំាងគឹម សម្លាប់លោក អុំ សាវុធ...)។ ពួកក្រុមលោក លន់ ណុន ដោយខ្លាចក្រុម លោកស៊ឺង ង៉ុកថាញ់ ដណ្តើមអំណាចពីបងគាត់ លោក លន់ ណុល ក៏បំបែកកងទ័ពពិសេស កងទ័ពម៉ៃហ្វកខ្ទេចខ្ទីឲ្យខ្សោយលែងមានប្រសិទ្ធភាព។ កងវរសេនាណាដែលខ្លាំងដូចជា កងទាហានឆ័ត្រយោង កងទាហានអុំ សាវុធ ត្រូវក្រុមលោក លន់ ណុល បញ្ចូនឲ្យទៅវាយគ្រប់សមរភូមិរហូតស្លាប់អស់គ្មានសល់ រហូតលោក អុំ សាវុធ ក៏ត្រូវស្លាប់បាត់បង់ជីវិត និងស្នាដៃលោក លន់ ណុល ថែមទៀត គឺឃាតកម្មបានធ្វើបីថ្ងៃក្រោយដែលលោក អុំ សាវុធ បានទៅជួបលោក ស៊ឺង ង៉ុកថាញ់ ជាគម្រប់លើកទី៥ មក( ទទួលឱវាទប្រៀនប្រដៅ)។
គេមិនឲ្យគ្រាប់ ឬឲ្យរថយន្តដឹកទាហានទេ លុះណាតែមេបញ្ជាការសូកលុយទើបគេព្រមឲ្យ។ បើចង់បានយន្តហោះទៅទម្លាក់គ្រាប់បែក មេបញ្ជាការក៏ត្រូវតែសូកលុយដែរ បើមិនដូច្នោះទេ កងវរសេនានោះ ក៏ត្រូវខ្មែរក្រហមឬយួនខាងជើងវាយស្លាប់ខ្ទេចខ្ទីអស់ទៅ។
ខោអាវជាជំនួយអាមេរិក គេមិនបើកឲ្យ ទាហានគេទៅប្រទះឃើញទាំងគំនរលក់នៅតាមផ្សារនានាដូចជាផ្សារអូឡំាពិចជាដើម ។ បើបែរជាបើកឲ្យទាហានវិញ គឺមេបញ្ជាការនិងកាត់ប្រាក់ខែថ្លៃខោអាវនោះ។ ក្នុងឱកាសហែរក្បូនទទួលលោកអគ្គរដ្ឋទូតអាមេរិក ហ្គុនធ័រដៀន នៅបាត់ដំបងនោះ ទាហានដើរក្បូនស្លៀកខោអាវរហែក លោក ដៀន បានយកខ្សៀរលោកទៅគោះផ្កាយធ្វើពីមាសលើស្មាសេក សំអៀត ហើយមានប្រសាសន៍ថា ៖ ផ្កាយលោកធ្វើសុទ្ធតែពីមាស តែរាស្រ្តទាហានលោកអត់បាយ។
តើហេតុអ្វីបានជាពួកនាយទាហានសាធារណរដ្ឋខ្មែរជួយខ្មែរក្រហម?
ព្រោះ ៖
១. ពួកគេនាំគ្នាជឿតាមព្រះរាជបន្ទួលសម្តេចសីហនុ ដែលស្រែកក្តែងៗ ពីប៉េកាំងមកថា ឲ្យកូនចៅនាំគ្នារត់ចូលព្រៃ វាយកម្ចាត់ជនក្បត់ លន់ ណុល និងអាមេរិក។ ហេតុនេះ ហើយបានជាខ្មែរក្រហមអាចប្រមូលកងទ័ពបានយ៉ាងឆាប់រហ័ស ដោយបានរាជបន្ទួលសម្តេចសីហនុជួយស្រែកពីប៉េកាំងផង និងដោយទុនប្រជាប្រិយភាពសម្តេចសីហនុនៅខ្ពស់នៅឡើយក្នុងស្រទាប់ចិត្តគំនិតកសិករខ្មែរស្រុកស្រែចម្ការផង។
២. ពួកគេនៅតែមានជំនឿថា រហូតដល់សព្វថ្ងៃ ពួកអ្នកគំាទ្រសម្តេចសីហនុក៏នៅតែជឿដដែលទៅថ្ងៃមុខ សម្តេចសីហនុមុខជាដឹកនាំប្រទេសខ្មែរវិញ ជាមិនខាន។ ហេតុនេះហើយ ពួកគេជួយកងទ័ពសម្តេចសីហនុនៅពេលនេះ ( ១៩៧០ ១៩៧៥) ទៅថ្ងៃមុខ ពួកគេច្បាស់ជាបានបុណ្យសក្តិកាន់តែធំឡើងថែមទៀត នៅពេលដែលសម្តេចសីហនុ យាងមកកាន់កាប់អំណាចជាប្រមុខរដ្ឋខ្មែរវិញនោះ ។ ក្នុងគំនិតយល់ច្រឡំបែបនេះ ទើបពួកគេមិនយកចិត្តទុកដាក់សិក្សាពីខ្មែរក្រហមដល់បន្តិចសោះឡើយ។ ក្នុងជំនឿរបៀបនេះ ទើបបានជាលោក លន់ ណុល បានបញ្ជូនគ្រាប់កំាភ្លើងទៅឲ្យខ្មែរក្រហមដែរ។
បរាជ័យនៃរបបសាធារណរដ្ឋខ្មែរ គឺមានក៏ដោយសារតែលោក លន់ ណុល ផ្ទាល់តែម្តងដែលមានគំនិតខ្លី គឺមួយមិនព្រមធ្វើតាមគំនិតរបស់ទ្រង់សិរិមតៈដែលឲ្យធ្វើគតសម្តេចសីហនុ ដើម្បីការពារកុំឲ្យសម្តេច រត់ទៅចូលជាមួយខ្មំាង( ប្រហែលជា លោក លន់ ណុល ខ្លាចទឹកសម្បថ ដែលបារគូរយកព្រះខ័ន្ធរាជ្យកូរឲ្យផឹកហើយស្បថថា មិនក្បត់ធ្វើគតស្តេចឡើយ ព្រោះលោក លន់ ណុល ជឿលើមន្តអាគមអូមអាម ពាក្យសម្បថណាស់) ទីពីរគឺលោក លន់ ណុល មិនព្រមដកហូតពួកគាំទ្រសម្តេចសិហនុអោយអស់។ ថែមពីលើនេះទៀត តាំងពីលោក លន់ ណុល ក្លាយជាពិការស្លាប់ដៃជើងមក ថ្មីៗនេះមិនដូច លោក លន់ ណុល កាលមុនទេ។ ជាឧទាហរណ៍គ្រាន់តែប្រពន្ធថ្មីក្មេងបានកូនក៏អួតប្រាប់គេឯង ប្រកាសតាមវិទ្យុកោះហៅលោក អុំ សាវុធ ពីទីលានប្រយុទ្ធកំពុងខ្លាំងក្លាមកប្រាប់ដំណឹងមិនសមហេតុផលនេះ។ កាលខ្មែរក្រហមវាយភ្នំពេញខ្លាំងក្លានោះ លោក លន់ ណុល បានធ្វើសីមាដុំថ្ម រួចហើយឲ្យយន្តហោះយកទៅបោះទម្លាក់ជុំវិញទីក្រុងភ្នំពេញ ជាសីមាការពារកុំឲ្យពួកខ្មែរក្រហមចូលមកក្នុងក្រុងបាន។ លោក លន់ ណុល ឲ្យគ្រូស្លៀកពាក់ស ស្ពាយថង់យាមគ្រវាសបាចអង្ករនាំមុខកងទ័ពទៅវាយយួនខាងជើង វៀតកុង និងខ្មែរក្រហម ជាខ្មោចព្រាយបិសាច ជាសត្រូវអរូបិយដែលគាត់ជឿថា ត្រូវតែចុះចាញ់ ឥទ្ធិពលរបស់ពុទ្ធមន្តជាដាច់ខាត…។
អត្ថបទដកស្រង់ចេញពី ( សៀវភៅ ឃាតករជានរណា? របស់លោកសាស្រ្តាចារ្យ ហ៊ិន ស៊ីថាន) ទំព័រ ១៤៣ ៤៤ ៤៥ ៤៦) ។

Published by ដំណើរកម្សាន្តកន្លែងប្រវត្តិសាស្រ្ត

This website talked about Cambodia history, This research aim to care about the culture, civilization main point of country.

Leave a comment

Design a site like this with WordPress.com
Get started